ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ មានរបៀបវារៈ ១០
កណ្ដាល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១–
នៅថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំឆ្នូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ។
ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តបានលើកយករបៀបវារៈចំនួន១០ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត រួមមាន៖ ទី១-មតិថ្លែងបើកអង្គប្រជុំដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។ ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣។ ទី៣-ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី របៀបរបបធ្វើការជូនគណៈអភិបាលខេត្ត។ ទី៥-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែសីហា ឆ្នាំ២០២១។ ទី៦-ពិនិត្យ និងពិភាក្សា លើការកសាងនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ទាំង១១។ ទី៧-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត។ ទី៨-ផ្សព្វផ្សាយសេចក្ដីណែនាំ និងលិខិតបទដ្ឋាននានា។ ទី៩-បញ្ហាផ្សេងៗ និង ទី១០-មតិបូកសរុប និងបិទអង្គប្រជុំដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និង មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕
ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)