អ្នកមានលុយម្នាក់ ធ្វើរបងព័ទ្ធយកដីបំរ៉ុងរបស់រដ្ឋស្រះតាខុន មេឃុំស្នើឲ្យមន្ត្រីជំនាញកុំចេញប័ណ្ណកម្មសិទ្ធិឲ្យ..
តាកែវ ៖ ធ្លាយមតិរិះគន់ពីសំណាក់ប្រជាពលរដ្ឋរឿងក្រុមមន្រ្តីសុរិយោដីស្រុកព្រៃកប្បាស នៃខេត្តតាកែវចុះវាស់វែងធ្វើប្លង់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនោះតែបែជាវាស់ដីអ្នកមានលុយធ្វើរបងព័ទ្ធយកដីរបស់រដ្ឋជាង ១ ហិចតា បែករឿងមេឃុំចុះស្រាវជ្រាវ បានធ្វេីការស្នើរទៅក្រុមមន្ត្រីជំនាញ កុំឲ្យ ចេញប្លង់ដីកម្មសិទ្ធទៅឲ្យ បុគ្គលមានលុយនោះឲ្យ សោះ ដោយ រង់ចាំការដោះស្រាយសិន។
បើតាម ប្រជាពលរដ្ឋថា ដីស្រះតាខុនចាស់ពីបូរាណ្យ ស្ថិតនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស គឺជាស្រះរបស់រដ្ឋមានទំហ៊ំ១០០ម៉ែត្រ គុណនឹង១០០ម៉ែត្រ និងមានទួលហ៊ុពទ្ធ័ជុំវិញជាច្រើនទៀត ត្រូវបានអ្នកមានលុយម្នាក់ធ្វើ របងថ្មព័ទ្ធយកដីស្រះនោះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្រោយ ពី គាត់បានទិញដីរបស់ប្រជាពលរដ្ឋ ដែល នៅ ជុំវិញ នោះ។
ពលរដ្ឋលើកឡើងថា ស្រះតាខុនចាស់ជាកន្លែងសង់រោងបុណ្យភូមិជាប្រចាំ និង មានថ្នូរខ្មោចនៅជុំវិញនោះផងដែរ តែចាប់តាំងពីអ្នកមានលុយទិញមកពលរដ្ឋមិនដែលបានធ្វើរោងបុណ្យអីទៀតឡើយ។
ជាមួយ គ្នា នេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូម មេត្តាចុះស្រាវជ្រាវ និងយកដីខាងលើមករក្សាទុកជាសម្បត្តិរដ្ឋវិញ ដោយ ត្រូវ ធ្វើ ផ្លូវចេញចូលទៅស្រះទួលនោះជាធម្មតាវិញផង។
ចំពោះករណីនេះ លោក យន់ គន មេឃុំព្រៃល្វាបានថ្លែងថា លោកបានកោះប្រជុំរួចរាល់ហើយ គឺពិតជាមានអ្នក មាន លុយសង់របងពទ្ធ័យកដីស្រះតាខុនចាស់ និងទួលនៅជុំវិញស្រះមែន ហើយលោកក៍បានស្នើរដល់ក្រុមមន្រ្តីជំនាញកុំចេញប្លង់ដែលមានក្បាលដីលេខ ៥២១ ឲ្យឈ្មោះវី និងប្រពន្ធឈ្មោះហ៊ាង ដោយរង់ចាំការដោះស្រាយសិន។
ពាក់ពន្ធ័ករណីខាងលើនេះផងដែរ លោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាសបានថ្លែងថា លោកពិតជាបានវាស់វែងដីដែលមានរបងថ្មខាងលើនេះមែន ព្រោះគេសង់របងរួចហើយ ដូច្នេះលោកវាស់តាមតែរបងគេទៅ។
យ៉ាងណាក៏ដោយ បើតាម លោក ឆុង ផូ ឥឡូវនេះខាងស្រុកបានឲ្យ ក្រុមការងារចុះទៅស្រាវជ្រាវហើយរឿងដីស្រះតាខុនចាស់នេះឡើងវិញ៕
TNM