វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ដូសទី៣ ត្រូវបានចាក់យោធាកម្លាំងជួរមុខ នៅយោធភូមិភាគទី៤ ១ម៉ឺនដូស !
សៀមរាប៖ បញ្ជាការដ្ឋានយោធភូមិភាគទី៤ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ ប្រភេទ Astra Zeneca ដែលជាអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាកងកម្លាំងជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ យុទ្ធនាការនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប។
លោក សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ បានឱ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា ក្នុងយុទ្ធនាការនេះ ក្រោយពីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ចំនួន១ម៉ឺនដូស ពីរាជរដ្ឋាភិបាលកាលពីថ្ងៃទី០៩ខែសីហាមកនេះ សម្រាប់ចាក់ដូសជំរុញ ដូសទី៣ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាកងកម្លាំងជួរមុខនៅយោធភូមិភាគទី៤។ លោកបន្ដថា គោលដៅដែលត្រូវចាក់ជូនកងកម្លាំជួរមុខដំបូង មានចំនួន៥គោលដៅ ដូចជា÷ នៅទីបញ្ជាការយោធភូមិភាគទី៤ ដែលមានវ៉ាក់សាំងចំនួន៣ពាន់ដូស នៅតំបន់ប្រតិបត្ដិការសឹករងខេត្ដសៀមរាបចំនួន១ពាន់ដូស, តំបន់ប្រតិបត្ដិការសឹករងខេត្ដឧត្ដរមានជ័យ១០០ដូស, ទីបញ្ជាការបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ខេត្តឧត្ដរមានជ័យ ចំនួន១,៥០០ដូស និងទីបញ្ជាការបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្រុកអន្លង់វែងចំនួន១,៥០០ដូស ។ លោក បន្ថែមថា ជាមួយគ្នានោះ ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ដ្រាហ្សេនីកាដូសទី៣នេះ ក៏មានគម្រោងផ្ដល់កងកម្លាំងនគរបាលនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ ព្រោះពួកគាត់ជាកងកម្លាំងដែលប្រឈមខ្លាំងនៅជួរមុខ។ លោក បានបញ្ជាក់ថា កងកម្លាំងជួរមុខនៅសេសសល់ និងបន្ដចាក់ជូនតាមក្រោយរហូតអស់ចំនួនកងកម្លាំងជួរមុខ។ លោក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ដ្រាហ្សេនីកាដូសទី៣នេះ ចាក់ជូននាយទាហាន នាយទាហានរង និងពលទាហាននៅជួរមុខរបស់យោធភូមិភាគទី៤នេះ។
សូមរំលឹកថា ការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលរដ្ឋទាហាន នៅយោធភូមិភាគទី៤នេះ បាធ្វើឡើងចំនួនពីរលើករួចមកហើយ ដែលចាប់ផ្ដើមកាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ កន្លងមកនេះ។ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងលើកទី២កន្លងនោះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលមានកងកម្លាំងត្រូវចាក់លើកទី១ និងលើកទី២ ប្រមាណជាង២ម៉ឺននាក់បានទទួលវ៉ាក់សាំងនោះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល




.j.jpg)

.j.jpg)
.j.jpg)
