សហរដ្ឋអាមេរិកមើលឃើញចំនួនឆ្លងជំងឺកូវីដ-១៩ ជាមធ្យមជាង ១០០ ០០០នាក់ក្នុងមួយថ្ងៃ

AKP ភ្នំពេញថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ – ខណៈដែលទម្រង់វីរុសឌែលតាដែលអាចចម្លងបានខ្ពស់បានបន្តរីករាលដាលនៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកដែលមានអត្រាចាក់វ៉ាក់សាំងទាប បានធ្វើឱ្យចំនួនឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ ជាមធ្យមរបស់ប្រទេសបានកើនឡើងដល់ជាង ១០០ ០០០នាក់កាលពីថ្ងៃសុក្រ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការកើនឡើងនៅរដូវរងាក្នុងឆ្នាំ២០២០ ។

យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនជាមធ្យមក្នុងរយៈពេល ៧ថ្ងៃនៃការឆ្លងថ្មីដែលបាន​រាយការណ៍​នៅសហរដ្ឋអាមេរិកបានឈានដល់ ១០៧ ១៤៣នាក់ ខណៈដែលចំនួនប្រជាជនជាមធ្យមដែលបានស្លាប់ក្នុងកំឡុងពេលដូចគ្នា គឺមានប្រមាណជិត ៥០០នាក់។ ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់ប្រមាណ ៣០០ ០០០នាក់កាលពីដើមខែមករា។

មន្រ្តីសុខាភិបាលបានព្រមានថា ការឆ្លង និងការស្លាប់នៅក្នុងប្រទេសនេះនឹងបន្តកើនឡើង ប្រសិនបើនៅតែមានជនជាតិអាម៉េរិកមួយចំនួន​ធំមិនព្រមចាក់វ៉ាក់សាំង។

នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) លោក Rochelle Walensky បានប្រាប់សារព័ត៌មាន CNN ថា «គម្រូរបស់យើងបង្ហាញថា ប្រសិនបើយើងមិនចាក់វ៉ាក់សាំងទេ យើងអាចមានការឆ្លងរហូតដល់ទៅរាប់សិបម៉ឺននាក់ក្នុងមួយថ្ងៃ ដែលប្រហាក់ប្រហែលនឹងការកើន​ឡើងកាលពីដើមខែមករា»។

យោងតាមតួលេខរបស់ CDC បានបង្ហាញថា រដ្ឋផ្លរីដាដែលនៅភាគខាងត្បូងបានចុះបញ្ជីបំបែកកំណត់ត្រាថ្មីនូវករណីឆ្លងចំនួន ២៣ ៩០៣នាក់បន្ថែមទៀតកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាលើកទី ៣ ហើយនៅសប្តាហ៍នេះដែលរដ្ឋមួយនេះបានវ៉ាដាច់កំណត់​ត្រាថ្មីនៃករណីឆ្លងប្រចាំថ្ងៃ។

ប្រមាណ ៤៩ភាគរយនៃប្រជាជននៅក្នុងរដ្ឋផ្លរីដាបានទទួលការចាក់វ៉ាក់សាំងពេញលេញ។ អត្រានេះទាបជាងរដ្ឋធំៗដទៃទៀត ដូចជា​រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋញូវយ៉ក តែខ្ពស់ជាងរដ្ឋតិចសាស់ រដ្ឋមីស៊ីស៊ីពី និងរដ្ឋអាឡាបាម៉ា៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ​ កុសល

អត្ថបទដែលជាប់ទាក់ទង