ស្នងការបកស្រាយហើយ រឿងមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក ទារលុយពេលយកម្ហូបអាហារមកឲ្យសាច់ញាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះស្រាវជ្រាវភ្លាមៗដល់ទីតាំងករណីមានការ ចុះផ្សាយរបស់គណនីហ្វេសបុកមានឈ្មោះ Heng Sothea និង ព័ត៌មាន សុខភាព កំសាន្ត ថាមានមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក ទារលុយពេលយកម្ហូបអាហារមកឲ្យសាច់ញាតិ បន្ទាប់ពីធ្វើការសាកសួរលម្អិតបានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់យកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារមកឲ្យបងប្អូន សាច់ញ្ញាតិដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅស្តាតអូឡាំពិកនោះទេ។ នេះដោយយោងតាមការផ្សាយរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៥ សីហា ឆ្នាំ២០២១នេះ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយសារតែកម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរឹងតាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់របស់ក្រុមគ្រូពេទ្យ ហើយបុគ្គលដែលផុសព័ត៌មានមិនពិតនោះក្នុងគោលបំណងអាក្រក់ដើម្បី បង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដើម្បីសហការជាមួយក្រុមគ្រូពេទ្យ ដោយប្រចាំការតាមគោលដៅធ្វើចត្តាឡីស័ក និងព្យាបាល ២៤ម៉/២៤ម៉ ។
ប្រភពដដែលបានបន្តថា បញ្ហាដែលធ្វើឲ្យបុគ្គលនេះខឹងហើយផុសព័ត៌មានមិនពិតនេះ គឺដោយសារតែបុគ្គលរូបនេះយកម្ហូបអាហារមកឲ្យសាច់ញាតិរបស់ខ្លួនដែលកំពុងសម្រាកព្យាបាលកូវីដនៅស្តាត ខុសពេលម៉ោងដែលគ្រូពេទ្យកំណត់ជាច្រើនលើកច្រើនសារ និងមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូច្នេះហើយទើបសមត្ថកិច្ចប្រចាំការតាមច្រកចេញចូលមិនអនុញ្ញាតឲ្យចូល ហើយក៏មានការខឹងនឹងសមត្ថកិច្ចដែលបានអនុវត្តតឹងរឹង បែរជាទៅចុះផ្សាយខុសពីការពិតចោទប្រកាន់មកលើសមត្ថកិច្ចទៅវិញ ។ ទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់គណនីទាំងនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សូមរំលឹកថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Heng Sotheaបានបង្ហោះដោយស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យមើល ករណីមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក ទារលុយពេលយកម្ហូបអាហារមកឲ្យសាច់ញ្ញាត។ ខ្លឹមសារក្នុងការបង្ហោះនោះគឺ «ខ្ញុំបាទ សូមស្នើសុំឲ្យមន្ត្រីធំសុំមើល មន្ត្រីប្រចាំការនៅមណ្ឌលធ្វើ – ចត្តាឡីស័កនៅស្តាតអូឡាំពិកនេះផង គ្រាន់តែអ្នកជំងឺឲ្យសាច់ញាតិ យកបបរមកផ្ញើពីរកូនចានសោះ លោកប៉ូលីស ទាយកលុយពីគ្នា ២០,០០០រៀល បានឲ្យយកចូលបានមានឥវ៉ានមកពីខាងក្រៅបន្តិចបន្ទួចសោះ លោកប៉ូលីស ទារកលុយពីគ្នាចាប់ពី ២០,០០០រៀល ទៅដល់ ៤០,០០០រៀល ខ្ញុំចង់សួរថា លោកមើលឃើអ្នកជំងឺនៅក្នុងនេះសិតតែមានម បានជាលោកធ្វើបែបនេះ ចុះបើចំគ្រួសាលោកវិញតែមានអារម្មណ៍បែបណាវិញ..»៕