រដ្ឋបាលខេត្តកំពតដាក់ចេញវិធានការមួយចំនួនក្នុងការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងកូវីដ១៩

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា

កំពត÷រដ្ឋបាលខេត្តកំពត បានសម្រេចដាក់ចេញនូវ វិធានការមួយចំនួនក្នុងការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងកូវីដ១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីអនុវត្តតាម សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ វិធានការចាំបាច់មួយចំនួនដែលរដ្ឋបាលខេត្តកំពតបានសម្រេចដាក់ចេញ ដើម្បីអនុវត្តជាបន្ទាន់ក្នុងយុទ្ធនាការនេះ រួមមាន ហាមឃាត់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រួមនិងរមណីយដ្ឋាន សួនកម្សាន្តនានាកន្លែងម៉ាស្សា, ការលក់និងសេពគ្រឿងស្រវឹង សកម្មភាពសិល្បៈ សារមន្ទីរ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ ជាពិសេស រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា ។ ហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹង។ ភោជនីយដ្ឋានអាហារដ្ឋានអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈ វេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែ ភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាព រក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ។ បម្រាមគោចរ ដាក់ចេញចន្លោះម៉ោង ២១ ដល់ម៉ោង ៣ ជិតភ្លឺ សម្រាប់ភូមិសាស្ត្រខេត្តទាំងមូលនិងទីប្រជុំជននានា លើកលែងចំពោះការដឹកជញ្ជូនទំនិញ , រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស, សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅនិងការអនុវត្តន៍វិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត។ ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២៩ ខែកក្កដា ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន តែងបានយកចិត្តទុកដាក់ចំពោះចំណាត់និងការគ្រប់គ្រងដោយបានដាក់ចេញនូវវិធានការនានា ក្នុងការប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានឆ្លងយាយីមកលើសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តន៍វិធានការនេះ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តន៍វិធានការថ្មីៗបន្ទាន់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមការមកដល់រលកទី៣ នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។ ជាមួយគ្នានេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានណែនាំនិងស្នើដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមអនុវត្ត តាមសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង