លោកជំទាវ ឱ វណ្ណឌីន ៖ យើងត្រូវរួមគ្នាធ្វើសកម្មភាពឥឡូវនេះ ទាន់វីរុសដែលតា មិនទាន់សាយភាយទូលំទូលាយជាងនេះ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ យើងត្រូវរួបរួមគ្នា អនុវត្តវិធានការការពារឱ្យបានម៉ត់ចត់ និងត្រឹមត្រូវទាំងអស់គ្នា គឺមិនទាន់ហួសពេលទេ នៅទាន់វីរុសដែលតាមិនទាន់សាយភាយទូលំទូលាយជាងនេះ។ លោកជំទាវ បានថ្លែងដូច្នេះក្នុងឱកាសនាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នូវថវិកាលើកទឹកចិត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនលោកយាយ ចាន់ ឃីម អាយុ ៧៥ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៧លាន ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ៖ “ការបិទខ្ទប់ ឬសង្កត់ការធ្វើចរាចររបស់វីរុសកូវីដ-១៩នេះ (ដែលតា) មិនឱ្យរីកសាយភាយ គឺមានសារៈសំខាន់បំផុត ហើយដើម្បីជោគជ័យលើសកម្មភាពនេះ ទាល់តែបងប្អូនប្រជាពលរដ្ឋកុំចរាចរដែរ ឬកុំធ្វើដំណើរ ឬចល័តជាដើម។ ព្រោះថាវីរុសនេះ វាទៅតាមមនុស្ស នេះជាការពិត ហើយបើបុគ្គលណាវិជ្ជមានរួមផ្សំនឹងមិនដឹងថាខ្លួនឯងវិជ្ជមានទៀតនោះ ចល័តទៅនេះទៅនោះ នោះវីរុសនេះក៏នឹងរីកសាយភាយទៅតាមហ្នឹងដែរ។ ហេតុដូច្នេះហើយទើបសម្តេចប្រមុខរាជរដ្ឋាភិបាល លោកគិតវែងឆ្ងាយចំពោះចំណុចនេះ ដោយមានចេញសារាចរស្តីពីយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ១៤ថ្ងៃ និងសេចក្តីសម្រេចពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃផងដែរ”។

លោកជំទាវបានបន្ថែមថា ការបិទខ្ទប់នេះ គឺពិតណាស់ដើម្បីកុំឱ្យវីរុសកូវីដ-១៩ ជាពិសេសគឺពពួកបំប្លែងថ្មី ដែលតា ដែលបានជ្រៀតចូលទៅក្នុងសហគមន៍រួចទៅហើយ បើទោះជាទ្រង់ទ្រាយតូច រួមមានខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ខណៈនៅខេត្តឧត្តមមានជ័យនេះ មានមន្ត្រីសុខាភិបាល០៤នាក់ហើយ ដែលបានឆ្លងវីរុសបំប្លែងថ្មីដែលតានេះ។

ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពនៃការរកឃើញករណីវិជ្ជមានប្រចាំថ្ងៃមានចំនួនច្រើន ហើយករណីមរណភាពក៏មានច្រើន ក្នុងអំឡុងពេលចុងក្រោយនេះ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីទាំងនេះគឺភាគច្រើនបំផុតបណ្តាលមកពីវីរុសអាល់ហ្វា ហើយអាល់ហ្វានេះផងដែរ គឺបានចរាចរយ៉ាងសកម្មនៅកម្ពុជារួចទៅហើយ ហើយបើថ្លោះធ្លោយឱ្យដែលតា ធ្វើចរាចរទៀតនោះៗសោកនាដកម្មពិតជាចៀសមិនរួចនោះទេ។

ជាថ្មី លោកជំទាវវេជ្ជបណ្ឌិត ក៏បានអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត រួមជាមួយនឹងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវព្រោះពពួកបំប្លែងថ្មីនេះ អាចសំងំនៅក្នុងខ្លួនយើងលើសពី១៤ថ្ងៃឯណោះ។

សូមបញ្ជាក់ផងដែរ នៅក្នុងបណ្តាប្រទេសអាស៊ានទាំងអស់ សុទ្ធតែមានវត្តមានពពួកវីរុសបំប្លែងថ្មីទាំងអស់ (Variant of Concern) ហើយមានប្រទេសចំនួន០៣ គឺប្រទេសថៃ ប្រទេសសិង្ហបូរី និងប្រទេសហ្វីលីពីន ដែលមានវត្តមានវីរុសបំប្លែងថ្មីរហូតដល់ ០៤ប្រភេទ មាន អាល់ហ្វា ដែលតា ហ្គាមម៉ា និងបេតា ដោយឡែកសម្រាប់កម្ពុជា មាន០២ប្រភេទ គឺអាល់ហ្វា និងដែលតា៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង