ក្រសួងព័ត៌មានណែនាំដល់មន្រ្តីទំាងអស់ឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី រូប AKP ២០ កក្ដដា ២០២១

ភ្នំពេញ៖ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់មន្រ្តីទំាងអស់ត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស រកជំងឺកូវីដ-១៩ និងប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីទទួលបានព័ត៌មានពីការឆ្លង ឬមិនឆ្លងកូវីដនេះ ងាយស្រួលក្នុងការព្យាបាលទាន់ពេលវេលា និងទប់ស្កាត់កុំឱ្យឆ្លងទៅអ្នកផ្សេង។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានណែនាំដល់បណ្តាអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលទើបទទួលបាន ឧបការណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ត្រូវធ្វើយ៉ាងណាប្រើប្រាស់ឱ្យចំគោលដៅ និងមានការសន្សំសំចៃ ស្របតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណារួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

ឯកឧត្ដម​បញ្ជាក់​ថា​ «ឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានផ្ដល់អនុសាសន៍ណែនាំពាក់ព័ន្ធទៅដល់អគ្គនាយកដ្ឋានទាំងអស់ដែលទទួលបាននូវឧបករណ៍ធ្វើតេស្តរហ័ស រកជំងឺនេះ ត្រូវធ្វើយ៉ាងណាធ្វើតេស្តឧបករណ៍នោះឱ្យចំគោលដៅ ប្រកបដោយភាពសន្សំសំចៃ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយធ្វើយ៉ាងណាដើម្បីឱ្យមន្ត្រីរាជការដែលកំពុងបំពេញការងារនៅក្រសួង ព័ត៌មាន ជាពិសេសនៅតាមអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ វិទ្យុជាតិ និងទីភ្នាក់ងារសារព័ត៌មានជាតិAKP មានសុខភាពល្អ ចៀសវាង ពីការឆ្លងនៃជំងឺតាមរយៈការធ្វើតេស្តរកមេរោគកូវីដនេះ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តន៍ការងារប្រព្រឹត្តទៅដោយរលូនអាចរក្សានិរន្តរភាព ក៏ដូចជាការប្រើប្រាស់សម្រាប់វាគ្មិន ក៏ដូចជាភ្ញៀវកិត្តិយស ដែលចូលរួមក្នុងកម្មវិធីផ្សេងៗរបស់នាយកដ្ឋាន» ។

ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា ការដាស់តឿនរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ គឺចង់ឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការនៃក្រសួង ព័ត៌មានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការងារ ការពារសុខភាពរបស់ខ្លួន ដើម្បីឱ្យឃ្លាតឆ្ងាយពីជំងឺកូវីដ-១៩ដ៏សាហាវមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង