សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនអធិកាបតី អាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះ​គ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់ ជាច្រើនរយនាក់បាត់ខ្លួន និងបណ្តាលឲ្យមានរងរបួសរាប់ពាន់នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតមួយជូន លោកស្រី Angela Merel អធិកាបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់ ជាច្រើនរយនាក់បាត់ខ្លួន និងបណ្តាលឲ្យមានរងរបួសរាប់ពាន់នាក់ ព្រមទាំងបានបង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនទៀត។

យោងតាមសារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឱ្យមានការបាត់បង់អាយុ ជីវិតដល់ជនស្លូតត្រង់ជាច្រើនរយនាក់បាត់ខ្លួន និង បណ្តាលឱ្យមានរងរបួសរាប់ពាន់នាក់ ព្រមទាំងបាន បង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាច្រើនទៀត»។

សម្តេចតេជោបានបន្ថែមថា «ក្នុងកាលៈទេសៈដ៏គួរឱ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំសូមសម្តែងនូវក្តី អាណិតអាសូរ និងចូលរួមរំលែកទុក្ខដ៏ដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជា ពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ និង សូមជូនពរដល់អ្នករងរបួសបាន ឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ»៕

អត្ថបទដែលជាប់ទាក់ទង