ក្រសួងសាធារណការ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពន្លឿននីតិវិធីកាត់ពិន្ទុលើបណ្ណបើកបរ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៥ ០៧ ២០២១

ក្រុមការងារជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ កំពុងពន្លឿនការរៀបចំនីតិវិធីអនុវត្តការដកពិន្ទុលើបណ្ណបើកបរ តាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅឈានទៅ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត។

ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ តាមប្រព័ន្ធវីដេអូ Zoom រវាងឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងឯក ឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៤ ខែកក្កដាម្សិលមិញនេះ បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងរៀបចំឯក សារពាក់ព័ន្ធ និងតភ្ជាប់ប្រព័ន្ធ ដើម្បីឱ្យកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកឱ្យរួចរាល់ មុន នឹងរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចុងខែកក្កដានេះ និងទិសដៅប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរ យានយន្តខុសច្បាប់ ទៅតាមស្ថានភាពនៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថានភាពនៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕

អត្ថបទដែលជាប់ទាក់ទង