គណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពីធីប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង ចំនួន ៥គ្រួសារ

(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង ចំនួន ៥គ្រួសារ ក្នុងមួយគ្រួសារថវិកាចំនួន ៥.០០០.០០០រៀល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងបងប្អូនប្រជាពលរដ្ឋជាសមាជិកគ្រួសារសព។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមរំលែកទុក្ខដល់គ្រួសារ នៃសព និងបានបញ្ជាក់ផងដែរថា ការរៀបចំផ្ដល់ជូនថវិការបស់រាជរដ្ឋាភិបាលនូវនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុត និងជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់សមាជិកគ្រួសារ សាច់ញ្ញាតិ ជាទីគោរពស្រលាញ់ដោយសារជំងឺកូវីដ-១៩ ទន្ទឹមនេះរដ្ឋបាលខេត្ត និងបន្តរៀបចំថវិការបស់សម្តេចតេជោប្រគល់ទៅដល់គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង នាពេលកន្លងទៅជាបន្តបន្ទាប់ទៀត។

ឯកឧត្តមបានបន្ថែមទៀតថា ក្រោមការគិតគូនិងយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីបង្កើតភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺ ដែលជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ហើយទោះបីមានការឆ្លង ក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់ជីវិតនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ សូមមកទទួលសេវាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា តាមទីតាំង និងពេលវេលាដែលអាជ្ញាធរមូលដ្ឋានបានកំណត់ និងសូមចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ពីជំងឺកូវីដ-១៩។ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង

អត្ថបទដែលជាប់ទាក់ទង