ក្រោមការដឹកនាំរបស់សម្តេចតេជា នាវាកម្ពុជានៅតែបន្ត ដំណើរទៅមុខប្រកបដោយមោទកភាពខ្ពស់
វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាវាកម្ពុជានៅតែអាចបន្ត ដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះជាបាននិងកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អនូវស្ថិរភាពនយោបាយ សន្តិ សុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ជំរុញរាល់ការអភិវឌ្ឍនានា ។
សម្តេចពិជ័យសេនាទៀ បាញ់ លើកឡើងបែបនេះ តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១ ថា ស្របពេលដែលកម្ពុជា បាននិងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានរយៈពេលជាង២ឆ្នាំមកហើយនេះ ក្រោមការដឹកនាំដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន គឺ កម្ពុជានៅតែរក្សាបានការអភិវឌ្ឍយ៉ាងល្អប្រសើរ។
គួរជម្រាបថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការកម្មវិធីឧបត្តម្ភសាច់ប្រាក់ ដើម្បីសម្រាលផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងវិបត្ដិជំងឺកូវីដ១៩ រយៈពេល ៣ខែទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់៣៥០ លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ប្រមាណជាង៦០ ម៉ឺនគ្រួសារ។
បន្ថែមពីនោះទៀត កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ ចេញយុទ្ធសាស្ត្រចាក់វ៉ាក់ សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជា ពលរដ្ឋ ដើម្បីការពារពីការវាយ លុករបស់កូវីដ១៩ ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់ សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពល រដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២ ៕