ក្រសួងព័ត៌មាន នឹងទិញផលិតផលទឹកថ្នាំបាញ់សម្លាប់មេរោគ GERMAGIC មកប្រើប្រាស់ជាប្រចាំ
វិទ្យុជាតិកម្ពុជា ៖លោកស្រី ប៉ុង សុភាវី រូប AKP
ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងទិញផលិតផលទឹកថ្នាំបាញ់ សម្លាប់មេរោគ GERMAGIC មកប្រើប្រាស់ជាប្រចាំ សម្រាប់បាញ់សម្លាប់មេរោគ នៅតាមបណ្តាបន្ទប់ប្រជុំកន្លែងការងារសំខាន់ៗជាច្រើនទៀត ដើម្បីនិរន្តរភាពនៃការងាររបស់ក្រសួង ។ ការបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខាងលើនេះ នៅក្នុងឱកាសឯកឧត្តមបានអនុញ្ញាតឱ្យលោកឧកញ៉ា លី សាមីឌី អគ្គនាយកនាយកក្រុមហ៊ុន ASPOR ចូលជួបសវនាការនិងផ្តល់អំណោយថ្នាំបាញ់ សម្លាប់មេរោគ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១ ។
លោកឧកញ៉ា លី សាមីឌី បាននាំយកនូវអំណោយជា ស្ព្រាយបាញ់សម្លាប់មេរោគ ផលិតផល GERMAGIC មកជូនដល់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីទុកប្រើ ប្រាស់ប្រចាំថ្ងៃ និងដើម្បីជាការចូលរួមចំណែកបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយបណ្តារោគឆ្លងផ្សេងៗទៀតនោះ ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានសម្តែងការអរគុណចំពោះក្រុមហ៊ុន ASPOR និងក្រុមហ៊ុន LIXIN GROUP ដែលបាននាំយកនូវស្ព្រាយ និងជួយធ្វើការបាញ់ថ្នាំសម្លាប់មេរោគនាឱកាសនេះ ស្របពេលដែលក្រសួង និងមន្រ្តីរាជការ កំពុងត្រូវការចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
ឯកឧត្តមចាត់ទុកសកម្ម ភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល នៅក្នុងវិធាន ការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរីករាលដាលកាន់តែច្រើនបន្ថែមទៀត ។
គួរបញ្ជាក់ថា ថ្នាំបាញ់ សម្លាប់មេរោគ GERMAGIC នេះ ជាផលិតផលមានប្រសិទ្ធ ភាពខ្ពស់ក្នុងការសម្លាប់មេរោគ ដែលបានឆ្លងកាត់ការពិសោធន៍ជាច្រើនប្រទេសមកហើយ មានប្រសិទ្ធភាពរយៈពេលរហូត៣០ថ្ងៃ ហើយមានវិញ្ញាបនប័ត្រស្តង់ដារនៃការធ្វើតេស្ត EPA ដែលបានបញ្ជាក់ច្បាស់ថា មានប្រសិទ្ធ ភាពសម្លាប់មេរោគកូវីដ-១៩ បាន៩៩.៩ ភាគរយ៕