ក្រសួងអប់រំច្រានចោលព័ត៌មានមិនពិតថា«ក្រសួងអប់រំ យុវជន និងកីឡាបើកសាលារៀននៅថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២១នេះ»
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលនូវព័ត៌មានដែលមិនពិតថា «ក្រសួងអប់រំ យុវជន និង កីឡាសម្រេចបើកសាលារៀននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១នេះ »។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១នេះថា ក្រសួងអប់រំ នៅតែរក្សាជំហរបន្តផ្អាកគ្រឹះ ស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស ។
ការបញ្ជាក់របស់ក្រសួងអប់រំបែបនេះ ធ្វើឡើងបន្ទាប់ពីផេកមួយបានប្រើប្រាស់ Logo ក្រសួងអប់រំ ដែលមានឈ្មោះថា បាក់ឌុប២០២១ ប្រកាសថា «សេចក្តីជូនដំណឹងក្រសួង អប់រំយុវជននិងកីឡាសម្រេចបើកសាលារៀននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះហើយ..!ត្រៀមខ្លួនសម្រាប់ការចូលសិក្សានៅក្នុងសាលាសា ជាថ្មី » ។ ឯកឧត្តម បន្ដថា ក្រសួងអប់រំ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះផេកដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់Logo ក្រសួងអប់រំ ដោយមិនមានការអនុញ្ញាត ។ សំឡេង៖ «នេះជាដំណឹងមិនពិត ការប្រើប្រាស់ឈ្មោះនិង logo ក្រសួងអប់រំ យុវជន និងកីឡាដោយមិនមានការអនុញ្ញាត ត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន»។
ក្រសួងអប់រំ យុវជននិង កីឡា បញ្ជាក់ថា ក្រសួងនៅតែរក្សាជំហរបន្តផ្អាកគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស ដើម្បីការ ពារសុវត្ថិភាព សុខភាពរបស់សិស្សានុសិស្ស ពីការឆ្លងជំងឺកូវីដ-១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះ នៅតែបន្តផ្ទុះរាតត្បាតធ្ងន់ធ្ងរដដែល ៕