អភិបាលរងរាជធានីភ្នំពេញលើកឡើងថា អ្នកជំងឺកូវីដ-១៩ព្យាបាលនៅផ្ទះ មិនអនុញ្ញាតចេញក្រៅនោះទេ បើល្មើសវិធានសុខាភិបាល នឹងចាត់ការតាមផ្លូវច្បាប់

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា អ្នកមើលថែអ្នកជំងឺកូវីដ-១៩ និងអ្នកជំងឺព្យាបាលនៅផ្ទះជំងឺកូវីដ១៩ មិនត្រូវអនុញ្ញាតឱ្យចេញក្រៅផ្ទះឡើយ ហើយបើល្មើសនឹងវិធានការសុខាភិបាលជំហ៊ានដំបូង អាជ្ញាធរត្រូវអប់រំពួកគាត់ បើសិននៅតែបន្ដទៀត នឹងមានវិធានការតាមផ្លូវច្បាប់។ ការលើកឡើងរបស់លោកអភិបាលរងរាជធានីភ្នំពេញនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ដីពីការផ្សព្វផ្សាយនីតិវិធី និងយន្ដការដាក់ព្យាបាលតាម ផ្ទះចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានថ្លែងថា កម្ពុជាមានច្បាប់គ្រប់គ្រង អ្នកជំងឺកូវីដ-១៩ ដូច្នេះ ការព្យាបាលជំងឺកូវីដ-១៩ ត្រូវតាមដានចូលរួមទាំងអស់គ្នា ហើយបើសិនអ្នកព្យាបាលជំងឺកូវីដ-១៩ណាមួយ មានចេតនាផ្ទុយពីច្បាប់ ជំហ៊ានដំបូងត្រូវធ្វើការអប់រំ បើពួកគាត់នៅតែប្រព្រឹត្តកំហុសទៀត នឹងមានវិធានការតាមច្បាប់។ លោកបានបន្ដថា នៅពេលមានប្រជាពលរដ្ឋស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ អាជ្ញាធរនឹងដាក់ផ្លាកសញ្ញាថា មានអ្នកព្យាបាលជំងឺកូវីដ-១៩ ដាក់នៅមុខផ្ទះគាត់តែម្ដង។ បើសិនមានបញ្ហាអ្វីមួយ អ្នកជិតខាងនឹងរាយការណ៍ ទៅអាជ្ញាធរតាមមូលដ្ឋាន ជាពិសេសអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវបំផុត។

ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដើម្បី ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះបាន ផ្ទះត្រូវមានបន្ទប់ដាច់ដោយឡែក និងមាន លក្ខណៈយ៉ាងត្រឹមត្រូវបំផុត។ មុននឹងដាក់អ្នកជំងឺព្យាបាលនៅតាមផ្ទះ អាជ្ញាធរ មូលដ្ឋាន នឹងចុះទៅពិនិត្យទីតាំងជាមុនសិន។ ឯកឧត្ដមបានបន្ដថា សមាជិកគ្រួសារ ដែលមានពាក់ព័ន្ធក្នុងដំបូលផ្ទះតែមួយ ត្រូវបានហាមឃាត់ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម ឬទៅបំពេញកិច្ចការ ក្នុងរយៈពេលដាក់អ្នកជំងឺកូវីដ១៩ ព្យាបាល ក្នុងដំបូលផ្ទះតែមួយ៕ដោយ សួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង