ឯកឧត្តម គួច ចំរើន ចូលរួមប្រជុំតាមរយៈប្រពន្ធវីដេអូ Zoom Meeting ស្តីពីការគ្រប់គ្រងតាមច្រកចេញចូលតាមព្រំដែនកម្ពុជា វៀតណាម ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន

AKP ព្រះសីហនុ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១–

នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom meeting ស្តីពីការគ្រប់គ្រងនៅតាមច្រកចេញចូលតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមដោយលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ដព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ថា ខេត្តព្រះសីហនុពុំមានព្រំដែនគោកជាប់ប្រ ទេសវៀតណាម គឺមានតែព្រំដែនទឹកទំហំតូចនៅកៀកនឹងប្រទេសវៀតណាម គឺតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ និងកោះត្រល់នៃប្រទេសវៀតណាម ។

គណ:បញ្ជាការឯកភាពខេត្ត បានសហការជាមួយនគរបាលព្រំដែនទឹក មូលដ្ឋានសមុទ្រ បញ្ជាការកោះ ឆ្នេរ និងគណៈកម្មការលម្ហសមុទ្រ បង្កើនធ្វើការល្បាតនៅតាមលម្ហសមុទ្ររវាងតំបន់កោះខ្យង និងកោះត្រល់ ដើម្បីបង្ការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ។

ទន្ទឹមនោះគណៈបញ្ជាការឯកភាពខេត្ត ក៏បានយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យការចេញចូលរវាងប្រជានេសាទនៃប្រទេសទាំងពីរ។ ពីមុនប្រជានេសាទខេត្តព្រះសីហនុ បាននាំយកផលនេសាទទៅលក់នៅប្រទេសវៀតណាម ក៏ប៉ុន្តែមកដល់បច្ចុប្បន្នដោយសាមានជំងឺកូវីដ-១៩ ធ្វើឱ្យប្រទេសវៀតណាមមិនអនុញ្ញាតឱ្យប្រជានេសាទកម្ពុជា យកផលនេសាទទៅលក់នៅវៀតណាម ។ ឥឡូវនេះមានក្រុមហ៊ុនខ្មែរក្នុងស្រុកបានប្រមូលទិញផលនេសាទតំបន់កោះខ្យង នាំយកទៅខេត្តកោះកុង ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ខេត្តព្រះសីហនុ មានព្រំដែនអាកាសជាមួយប្រទេសក្នុងតំបន់ ចាប់ពីខែមេសា មកដល់ខែកក្កដា ឆ្នាំ២០២១នេះ មានក្រុមហ៊ុនអាកាសចរណ៍វៀតណាមធ្វើការហោះហើរចុះចតព្រលានយន្តហោះអន្តរជាតិ កងកេង ខេត្តព្រះសីហនុ ចំនួន ១៣ជើង ហើយកាលពីថ្ងៃទី៩ ខែកក្កដាម្សិលម្ងៃ មានមួយជើងទៀត មានអ្នកដំណើរ ៦១នាក់ ហើយរដ្ឋបាលខេត្តបានដឹកជញ្ជូនយកភ្ញៀវទេសចរធ្វើចត្តាឡីស័កនៅសណ្ឋាគារ និងធ្វើការយកសំណាកលើកទី១ និងបន្តលើកទី២ បន្តទៀតនៅ ១៤ថ្ងៃក្រោយ ប្រសិនបើពួកគាត់មិនមានវិជ្ជមានកូវីដ-១៩ទេ អាចឱ្យចេញពីសណ្ឋាគារ ទៅបម្រើការងារនៅតាមគោលដៅ ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសណ្ឋាគារចំនួន៥ សម្រាប់ធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសចូលមកដល់ខេត្តព្រះសីហនុ តាមផ្លូវអាកាស មុននឹងឱ្យពួកគាត់ចាកចេញទៅបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន រោងចក្រងនានា ៕

ដោយ ៖ ងូ សុមុនី, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង