អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកពេជ្រាដា

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្តចំនួន ៣រូប លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារការពារជំងឺកូវីដ-១៩ និងថវិកាមួយចំនួន ចែកជូនកងកម្លាំងនគរបាល និងយោធា ដែលឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅប៉ុស្តិ៍នគរបាល ការពារព្រំដែនគោកប៊ូស្រា នៃវរៈសេនាតូចនគរបាលព្រំដែនគោកលេខ ៣០៣ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ដើម្បីជំរុញទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនានានៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាលយោធាដែលកំពុងឈរជើង តាមបន្ទាត់ខ្សែបន្ទាត់ព្រំដែន កម្ពុជា- វៀតណាម ដើម្បីជំរុញទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនានា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមព្រំដែនឲ្យមានលក្ខណៈល្អប្រសើរ ។

ឯកឧត្តម បានធ្វើការណែនាំ ដល់កម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន គោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព បទបញ្ជាថ្នាក់ដឹកនាំខេត្ត និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់ បង្ក្រាបឲ្យបាននូវរាល់បទល្មើសនានា ដែលកើតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងការទប់ស្កាត់មិនឲ្យមានការឆ្លងចេញចូលរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចៀសសវាងការចម្លងជំងឺកូវីដ១៩ ពីតាមព្រំដែន មកក្នុងសហគមន៍។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់កងកម្លាំងដែលឈរជើងនៅតាមព្រំដែន មិនត្រូវយកតួនាទីរបស់ខ្លួនមកប្រព្រឹត្ត បទល្មើស ឬពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ ជាពិសេស បទល្មើសធនធានធម្មជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន អង្គភាព និងមុខមាត់ខេត្ត ។ អ្នកប្រព្រឹត្តបទល្មើស នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដោយមិនមានការលើកលែងឡើយ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កងកម្លាំង នគរបាល និងកម្លាំងយោធាការពារព្រំដែនសរុបចំនួន ២២គោលដៅ រួមមាន÷ អង្ករ ២,២០០គីឡូក្រាម មី៥០កេស ត្រីខ ៥កេស ទឹកត្រី ១៩២ដប ទឹកស៊ីអ៊ីវ ១៩២ដប ម៉ាស់ ៩០ប្រអប់ អាល់កុល ៦០លីត្រ ជែលលាងដៃ ៨០ដប ប្រេងឆា ៦០លីត្រ ថ្នាំពេទ្យ ៦០កញ្ចប់ និង ថវិកាសរុប ១៥លានរៀល។ ដោយឡែក កងវិស្វកម្មធ្វើផ្លូវតាមបន្ទាត់ព្រំដែន ឧបត្ថម្ភអង្ករ ១០០គីឡូក្រាម មី៣កេស ត្រីខ ២យួរ ថវិកា ៣០ម៉ឺនរៀល និង ឧបត្ថម្ភក្រុមជាងកសាងអគារប៉ុស្តិ៍ អង្ករ ៥០គីឡូក្រាម មី៤កេស ត្រីខ ២យួរ ថវិកា២០ ម៉ឺនរៀល សម្រាប់ដោះស្រាយការហូបចុកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង