អភិបាលខេត្តកំពង់ធំ ជួបប្រជុំពិភាក្សាការងារជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា មុននឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ

កំពង់ធំ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបកិច្ចប្រជុំពិភាក្សាជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា មុននឹងបើកយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សានោះផងដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាដែលចុះមកបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំពេលនេះ។ លើសពីនេះទៅទៀត ដើម្បីអោយដំណើរការនៃការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស។ ឯកឧត្តមបានជំរុញដល់អាជ្ញាធរក្រុង/ស្រុកមានភាពសហការនិងសម្របសម្រួលជាមួយក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា លើបញ្ហាការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំទីតាំងនៃការចាក់វ៉ាក់សាំងឲ្យបានសមរម្យ ជាពិសេសពាក់ព័ន្ធនឹងសេវាអ៊ីនធឺណែត ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បីឲ្យក្រុង/ស្រុកត្រូវមានភាពម្ចាស់ការទៅលើការផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមកចូលរួមការពារជំងឺកូវីដ១៩ តាមការកំណត់នៃកាលបរិច្ឆេទ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំទីតាំងនៃការចាក់វ៉ាក់សាំង ការរៀបចំកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ការរៀបចំរបៀបរៀបរយនៅពេលប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង និងបន្ទាប់ពីចាក់វ៉ាក់សាំងត្រូវឲ្យពួកគាត់សម្រាករយៈពេល ៣០នាទី នៅក្នុងមណ្ឌល អង្គុយត្រូវរក្សាគំលាតសុវត្ថិភាព មុននឹងឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ ហើយការចាក់វ៉ាក់សាំងនេះត្រូវតែមានភាពច្បាស់លាស់។

ជាចុងក្រោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចាត់តាំងក្រុមការងារចុះមកបំពេញបេសកកម្ម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ និងក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោហ៊ុនសែន ដោយមានទំនាក់ទំនងល្អក្នុងការបញ្ជាទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រទេសជាតិយើង ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ ដោយគោរពឲ្យបានតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ជាពិសេសអនុវត្តតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការការពារខ្លួនពីជំងឺកូវីដ-១៩ដោយអនុវត្ត «៣ការពារ និង៣កុំ»អោយបានជាប្រចាំ។

គួរបញ្ជាក់ផងដែរថាចំនួនក្រុង/ស្រុកដែលត្រូវចាក់វ៉ាក់សាំងរួមមាន÷ ក្រុងស្ទឹងសែនមានចំនួន=០៦មណ្ឌល ស្រុកសន្ទុកមានចំនួន=០៩មណ្ឌល ស្រុកបារាយណ៍មានចំនួន=១៤មណ្ឌល និងស្រុកតាំងគោកមានចំនួន=០៨មណ្ឌល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង