អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនពលរដ្ឋជាង៥០ ០០០នាក់ ក្នុងក្រុងសិរីសោភ័ណ

AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១–អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងក្រុង សិរីសោភ័ណ នាព្រឹកថ្ងៃ សៅរ៍ ០១កើតខែ ទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១០ខែកក្កដាគ.ស២០២១នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះដែលកំពុងរាតត្បាតក្នុងសហគមន៍គួរឱ្យព្រួយបារម្ភនោះ។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី ជាប្រធានគណៈកម្មការ ប្រយុទ្ធជំងឺកូវីដ ១៩ខេត្តបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្រុងសិរីសោភ័ណដែលចាក់ដោយក្រុមគ្រូពេទ្យយោធាយោធភូមិភាគទី៥ចាប់ពីថ្ងៃទី ១០ខែកក្កដាឆ្នាំ២០២១នេះទៅដោយមានរយៈពេល២សប្តាហ៍ហើយចំពោះប្រជាពលរដ្ឋនៅតាម បណ្តាស្រុកដទៃទៀត នឹងចាក់នៅពេលបន្ទាប់ទៀត។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងទៀតថា កិច្ចការងារនេះជាការយកចិត្តទុកដាក់គិតគូរខ្ពស់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលាគ្រប់ទីកន្លែងជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតពាសពេញពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺនេះផងដែរ។

ឯកឧត្តម អ៊ុ រាត្រី បានក្រើនរម្លឹកប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឱ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ មន្ត្រីរាជការប្រជាពលរដ្ឋ ព្រះសង្ឃ សូមចូលរួមចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា ក្រោមគោលការណ៍ស្ម័គ្រចិត្ត។ហើយបើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ហើយក្ដីក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំ របស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩នេះ។

ជាមួយគ្នានេះប្រជាពលរដ្ឋរួមទាំងព្រះសង្ឃបាននិមន្តនិងអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តរួមនឹងសមត្ថកិច្ចពាក់ព័ន្ធនោះក៏បានសម្ដែងនូវទឹកចិត្តត្រេកអរនិងអរគុណយ៉ាងខ្លាំងដែលពួកគាត់តែងតែរំពឹងជាយូរណាស់ មកហើយថានិងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ។ហើយបានគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានខិតខំគ្រប់បែបយ៉ាងដើម្បីស្វែងរកវ៉ាក់សាំងនិងបានដាក់ចេញនូវវិធានការសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នាសូមទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនខ្លាំងក្លាបញ្ញាញាណវាងវៃជន្មាយុយឺនយូរនិងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។

សូមបញ្ជាក់ថាទីតាំងចាក់វ៉ាក់សាំងមាននៅសង្កាត់ទឹកថ្លាទទួលការចាក់នៅទីតាំងសាលាបឋមសិក្សាគាប និង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ សង្កាត់អូរអំបិល នៅ សាលាបឋមសិក្សាគោរដ្ឋាននិង តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ។

សង្កាត់ព្រះពន្លានៅទីតាំងវត្តសមាធិផលភូមិ៤និងនៅវិទ្យាល័យពុទ្ធិកៈសម្តេចធម្មពោធិសាលជាស៊ីមវត្តស្វាយចាស់ភូមិ១។សង្កាត់កំពង់ស្វាយនៅទីតាំងសាលាបឋមសិក្សាហ៊ុនសែនសូភី ភូមិសូភីនិងនៅសាលាបឋមសិក្សាប៉ោយសូភី ភូមិ២ ៕

ដោយ ៖ ឈុន សារ៉ាត

អត្ថបទដែលជាប់ទាក់ទង