អាជ្ញាធរជាតិព្រះវិហារ ដាំដើមធ្នង់ អបអរសាទរខួបលើកទី១៣ នៃការចូលជាបេតិកភណ្ឌពិភពលោក

នៅថ្ងៃ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីដាំដើមធ្នង់ចំនួន ១.១១៣ដើម តាមដងផ្លូវចូលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងឱកាសអបអរសាទរខួបលើកទី១៣ នៃការចុះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដោយ មានការចូលរួមពី ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និង មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ប្រមាណ ៣០រូប។

ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ថា ការរៀបចំពិធីអបអរសាទរ ដោយការដាំដើមឈើតាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារក្នុងចម្ងាយផ្លូវ ១៥គីឡូម៉ែត្រនេះ មានគោលបំណងលើកកម្ពស់ទេសភាពតាមដងផ្លូវចូលទៅកាន់ប្រាសាទ ដើម្បីទាក់ទាញភ្ញៀវទេសចរផង និង ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ព្រៃឈើ និង ធនធានធម្មជាតិ ស្របតាមពាក្យស្លោក “ រួមគ្នាថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដើម្បីបេតិកភណ្ឌរបស់យើង ” ។

ការដាំដើមឈើនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែងការពារ បរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ ដែលអាជ្ញាធរជាតិព្រះវិហារ តែងតែអនុវត្តន៍ប្រចាំឆ្នាំក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ការពារដំណុះកូនឈើធម្មជាតិ ការដាំកូនឈើឡើងវិញ និង សកម្មភាពទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយដីព្រៃជាដើម៕

ដោយណយ នឿន, សម្រួលផ្សាយ៖ កន​ចំណាន (ប្រភព:អាជ្ញាធរជាតិព្រះវិហារ)

អត្ថបទដែលជាប់ទាក់ទង