អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការលក់ម៉ូតូ និងលក់ឡានរំលោភយកចិញ្ចើមផ្លូវសាធារណៈទៀតឡើយ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យមានការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើ អាជីវកម្មទៀតនោះទេ។ អាជ្ញាធររាជធានីភ្នំពេញ នឹងទុករយៈពេលឲ្យ២ខែទៀត ដើម្បីឲ្យពួកគាត់រុះរើ ឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងនៃរាជធានីភ្នំពេញវិញ។

ការដាក់បទបញ្ជាបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤។

លោក ឃួង ស្រេង បានបញ្ជាក់ថា «វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាលរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ។ ដូច្នេះអាជ្ញាធរខណ្ឌ ពាក់ព័ន្ធ ត្រូវតែធ្វើសេចក្តីជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មបែបអនាធិបតេយ្យនោះ ប្រញាប់ រុះរើទីតាំងរបស់ខ្លួនទៅនៅជាយ រាជធានីភ្នំពេញវិញ ដោយអាជ្ញាធររាជធានីភ្នំពេញ នឹងទុករយៈពេលឱ្យ២ខែ ដើម្បីឲ្យពួកគាត់រកទីតាំងថ្មី»។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា «មកដល់ពេលនេះ យើងឈប់និយាយរឿងប្រើប្រាស់ចិញ្ចើមផ្លូវ ២ភាគ៣ទៀតហើយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ បានអនុគ្រោះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមូយចំនួន ណានោះ ដូចជាមិនចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ ដូច្នេះចាប់ពីពេលនេះតទៅ គឺមិនមានការអនុញ្ញាតឱ្យការប្រើប្រាស់ចិញ្ចើមផ្លូវធ្វើអាជីវកម្មបន្តទៀតទេ»។

លោកបន្តថា បងប្អូនអាចធ្វើអាជីវកម្មរកស៊ីលក់ដូរបាន ប៉ុន្តែមិនអនុញ្ញាតឲ្យប្រើប្រាស់ចិញ្ចើមផ្លូវនោះទេ បងប្អូនអាចលក់ម៉ូតូ លក់រថយន្តនៅក្នុងផ្ទះ ឬទីតាំងរបស់ខ្លួន ដោយមិនឲ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈជាដាច់ខាន សូម្បីតែ២ភាគ៣ក៏ដោយ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង