រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំដើម្បីជំរុញការងាររៀបចំសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យនៅតាមទីសាធារណៈក្នុងក្រុងកំពត
នៅរសៀលថ្ងៃ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំលក្ខណៈចង្អៀតមួយ ដែលមានការចូលរួមពីអាជ្ញាធរក្រុងកំពត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីពិភាក្សាជំរុញផ្ដោតលើបញ្ហាពាក់ព័ន្ធការងាររៀបចំសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យ តាមទីសាធារណៈក្នុងក្រុងកំពត។
ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា បញ្ហាបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈ គឺជាបញ្ហាដែលរដ្ឋបាលខេត្តកំពត កន្លងមកតែងតែមានការយកចិត្តទុកដាក់គិតគូរ ហើយបាននិងកំពុងជំរុញការសាងសង់បន្ថែមជាបន្តបន្ទាប់ ។
ប៉ុន្តែកិច្ចប្រជុំពេលនេះ គឺជាជំហាននៃការចូលរួមមតិយោបល់ចាំបាច់បន្ថែមទៀត ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដែលផ្ដោតទៅលើបច្ចេកទេស សណ្ដាប់ធ្នាប់សាធារណៈ សោភណភាព និងអនាម័យបរិស្ថាន ដើម្បីធានាបានជាមូលដ្ឋាន ត្រៀមលក្ខណៈបន្តការសាងសង់បន្ថែមទៀត នៅចំពោះមុខនេះ ចៀសវាងការសាងសង់រួចរាល់ ដែលមានមតិរិះគន់ភាពអវិជ្ជមានណាមួយកើតឡើង។
ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា បើទោះបីស្ថិតក្នុងស្ថានភាពដែលសកលលោក ក៏ដូចកម្ពុជាយើងជួបបញ្ហាវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍក្ដី ។ ប៉ុន្តែដំណាក់កាលនេះ មិនអាចផ្ដេកផ្ដួលចំពោះបញ្ហានេះបានឡើយ ។ ក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញជាសេនាធិការរាជរដ្ឋាភិបាល ត្រូវតែខិតខំពុះពារឧបសគ្គទាំងអស់នេះ ដោយយកចិត្តទុកដាក់អភិវឌ្ឍន៍ នូវអ្វីដែលជាតម្រូវការចាំបាច់សំខាន់ដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ និងសង្គមជាតិ នៅចំពោះមុខមិនអាចខ្វះបាន។
ជាក់ស្ដែងនៅក្នុងក្រុងកំពត ទាមទារឱ្យមាននូវបន្ទប់ទឹក និងបង្គន់អនាម័យទីសាធារណៈបន្ថែមទៀត ដែលជាតម្រូវការកាន់តែមានទំហំច្រើនឡើង ដើម្បីបម្រើដល់សាធារណជន ក៏ដូចជាសម្រាប់ការទាក់ទាញ ក្នុងវិស័យទេសចរណ៍របស់ខេត្តផងដែរ។
ប៉ុន្តែទោះបីយ៉ាងណា ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានក្រើនរម្លឹកដល់អាជ្ញាធរ និងជំនាញ ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន អនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន គឺវិធានការ ៣កុំ ៣ការពារ ឱ្យបានទាំងអស់គ្នាដើម្បីកាត់បន្ថយ ឬ បញ្ឈប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នៃខេត្តកំពត ផងដែរ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំតាមការឱ្យដឹងរបស់មន្ត្រីទទួលបន្ទុក រដ្ឋបាលខេត្តកំពត បានកសាង និងកំពុងកសាងថែមនូវបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈមានចំនួន ៤កន្លែង ដើម្បីបម្រើដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពតផងដែរ ៕