ជប៉ុនគាំទ្រសេចក្តីសម្រេចរបស់អាស៊ានក្នុងការបញ្ជូនប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចរបស់អាស៊ានក្នុងការបញ្ជូនប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្ននេះ។
យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi កាលពីថ្ងៃទី ២៨ ខែមិថុនា លោក Motegi បាននិយាយថា ប្រទេសជប៉ុនកំពុងស្វែងរកកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ពួកគេក៏បានព្រមព្រៀងគ្នាក្នុងការរក្សាកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែយ៉ាងជិតស្និទ្ធនៅក្នុងបញ្ហានៃប្រទេសមីយ៉ាន់ម៉ាផងដែរ។
ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃទី ១ ខែកុម្ភៈមក មនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កាលពីចុងខែមេសា មេដឹកនាំនៃប្រទេសសមាជិកអាស៊ានបានបើកកិច្ចប្រជុំពិសេសមួយស្តីពីវិបត្តិមីយ៉ាន់ម៉ា ហើយឈានដល់ «ការមូលមតិគ្នា ៥ ចំណុច» ដែលរួមទាំងតម្រូវការសម្រាប់ការបញ្ចប់អំពើហឹង្សាជាបន្ទាន់ និងការបញ្ជូនប្រេសិតពិសេសអាស៊ានដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល