ជនសង្ស័យម្នាក់ត្រូវបានបញ្ចូនទៅតុលាការ ពីបទ ក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ
( ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគបាលនាយកដ្ឋានព្រហ្ម នៃក្រសួងមហាផ្ទៃ បានបញ្ជូនជនជាប់សង្ស័យម្នាក់ឈ្មោះ សៅខូ ចន្ទ័សូឡារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើប និងឈានទៅរកការចោទប្រកាន់តាមច្បាប់។ បន្ទាប់ជនសង្ស័យរូបនេះ ត្រូវចាប់ខ្លួនពាក់ពន្ធ័ក្លែងខ្លួនជានាយករងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រព្រិត្តនៅភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្ភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
នាយឧត្តមសេនីយអគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០)សហការជាមួយកម្លាំងជំនាញ និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិត វណ្ណៈ បានស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅខូ ចន្ទ័សូឡារ ដែលក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសារក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាដើម។
លោកឧត្តមសេនីយបន្តថា វត្ថុតាងដែលរឹបអូសបាន រួមមាន អាវុធខ្លី ១ដើម ម៉ាក TACTICAL23 លេខ WET5168 និងបង់ចំនួន២ (កាំភ្លើងហ្គាស), គ្រាប់អាវុធប្រភេទ 9mm ចំនួន១២គ្រាប់, ខ្នោះដៃចំនួន១គូ, វិទ្យុទាក់ទង ម៉ាកម៉ូតូរ៉ូឡា ចំនួន១គ្រឿង, ស្រោមអាវុធខ្លី ចំនួន៤ស្រោម , ប្រអប់ដាក់អាវុធខ្លីម៉ាក CZ ចំនួន១, ម៉ាស៊ីនកាត់កាត ចំនួន១គ្រឿង, អាវក្រោះការពារគ្រាប់ចំនួន១អាវ, អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិ ចំនួន១, កាបូបដាក់សម្ភារ ចំនួន៣, ស្បែកជើងកវែងចំនួន១គូ, កាតនគរបាលជាតិក្លែងក្លាយ ចំនួន២សន្លឹក, សក្តិថ្នាក់វរសេនីយ៍ទោ ១គូ, កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន២សន្លឹក, មួកនគរបាលជាតិថ្នាក់វរសេនីយ៍ ចំនួន២ និងថ្នាក់អនុសេនីយ៍ ចំនួន១, ឯកសណ្ឋាននគរបាលជាតិ ចំនួន៦កំប្លេ, ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌមួយចំនួនទៀត។
លោក ម៉ក់ ជីតូ បញ្ជាក់ថា ក្រោយពីសាកសួរចប់ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្ត ខណៈជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ ដើម្បីសាកសួរបន្ត ពាក់ព័ន្ធនឹងបទល្មើសថ្មីមួយទៀត។
សហការី សំណាង TNM