អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នចំនួន ៣ទីតាំង ក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត​ និងអាជ្ញាធរក្រុង/សង្កាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមាន ០៣ទីតាំង ក្នុងនោះ នៅក្រោយផ្សារលឹម ប៉េងឃុន ចំនួន ៣១គ្រួសារ នៅភូមិកណ្តាលចំនួន ០៦គ្រួសារ និងភូមិពូលូងចំនួន ០៨គ្រួសារ ស្ថិតនៅក្រុងសែនមនោរម្យ ដែលប្រជាពលរដ្ឋបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនានេះ ខេត្តមណ្ឌលគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១១៦ករណី ករណីឆ្លងថ្មី ៦ករណី ជាសះស្បើយចំនួន ០៧នាក់ ករណីស្លាប់ ០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ១០៨ករណី៕
TNM TV ONLINE
អត្ថបទដែលជាប់ទាក់ទង