ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឱ្យអ្នករាយការណ៍ពិសេសថ្មី ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព

ក្នុងជំនួបលើកដំបូងជាមួយលោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើសុំឱ្យអ្នករាយការ ណ៍ពិសេស ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា។

ការស្នើសុំនេះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) តាមប្រព័ន្ធអនឡាញ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានផ្តោតលើចំណុចសំខាន់ចំនួន៣៖ ១. វឌ្ឍនភាព ការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូន អង្គការសហប្រជាជាតិ ការងារជំនួយផ្នែកច្បាប់និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួត ពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិ មនុស្សជាតិ។ ២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ៣. លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។

ពាក់ព័ន្ធនឹងវិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩នេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញ វិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាន នូវស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីកូវីដ-១៩ ផងដែរ ដោយផ្អែកលើការអនុវត្តវិធានការដូចគ្នានេះ នៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរ ជាតិ រួមទាំងបរិបទសង្គមរបស់កម្ពុជា។

ចំពោះចំណុចពាក់ព័ន្ធនឹង លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីលនេះផងដែរ ឯកឧត្តម កែវ រ៉េមី ក៏បានធ្វើការបង្ហាញពីវឌ្ឍនភាពនៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើត និងធ្វើសកម្មភាពដោយសេរីរបស់ បក្សនយោបាយ និងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហការ និងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស៕

ដោយ រិទ្ធី,​ សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង