លោក អ៊ូ ជួបកុសល អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

កំពង់ឆ្នាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធាន និងប្រធាន អនុប្រធាន មន្រ្ដីជំនាញរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តផ្ទាល់។ ដោយឡែកមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារថវិកាមន្ទីរជំនាញ បានចូលរួមតាមប្រជុំតាមរយៈប្រព័ន្ធវីដេអូzoomនៅតាមមន្ទីរអង្គភាពរបស់ខ្លួនផ្ទាល់។

លោក អ៊ូ ជួបកុសល ក៏បានមានប្រសាសន៍ ដោយផ្នែកលើក្របខ័ណ្ឌគោលនយោបាយ រាជរដ្ឋាភិបាលបានចេញ សារាចរណែនាំ ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដើម្បីផ្តល់ជាគោលការណ៍ណែនាំថ្មីៗសម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្ត ចំណូល ចំណាយថវិកាឆ្នាំ ២០២២។ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានរៀបចំឡើងទៅ ក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺកូវីដ -១៩ ដែលរាជរដ្ឋាភិបាល កំពុងតែខិតខំទប់ទល់ និងកាត់បន្ថយផលប៉ះពាល់ នៃវិបត្តិនេះ លើសុខភាព ជីវភាពរស់នៅរបស់ប្រជាជន និងសង្គមសេដ្ឋកិច្ចទាំងមូល។

លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានផ្តាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវរៀបចំផែនការស្របតាមនីតិវិធីច្បាប់៕

ដោយ៖មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង