សហភាពអ៊ឺរ៉ុបបន្តជាថ្មីនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងតំបន់គ្រីមៀ រយៈពេលមួយឆ្នាំទៀត

AKP ភ្នំពេញថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ – ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទនៅទីក្រុងប្រ៊ុចសែលថា សហភាពអ៊ឺរ៉ុបបានបន្តជាថ្មីនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងតំបន់គ្រីមៀ នៅក្នុងយុទ្ធសាស្ត្រដែលបានអនុម័តកាលពីក្នុងឆ្នាំ ២០១៤ ដែលមិនបានទទួលស្គាល់នូវការបង្រួបបង្រួមឧបទ្វីបនេះជាមួយប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា ទណ្ឌកម្មនេះត្រូវបានអូសបន្លាយរហូតដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ។

សហភាពអឺរ៉ុបបានណែនាំនូវការរឹតត្បិតប្រឆាំងនឹងតំបន់គ្រីមា និងប្រជាជនរបស់គេកាលពីក្នុងខែមិថុនា ឆ្នាំ ២០១៤ ក្នុងការឆ្លើយតប​ទៅនឹងអ្វីដែលទីក្រុងប្រ៊ុចសែលហៅថាជា «ការបញ្ចូលឧបទ្វីបគ្រីមៀ និងសេវេស្តូប៉ូល» ខុសច្បាប់។ ការដាក់ទណ្ឌកម្មនោះរួមមាន​ការហាមឃាត់ក្រុមហ៊ុនអឺរ៉ុបមិនឱ្យរក្សាអាជីវកម្មជាមួយសហគ្រាសរបស់គ្រីមៀ ការរារាំងក្រុមហ៊ុនអាកាសចរណ៍អ៊ឺរ៉ុបពីការ​ហោះហើរទៅកាន់ និងមកពីតំបន់គ្រីមៀ ការដាក់ចេញនូវការរាំងស្ទះពាណិជ្ជកម្មពេញលេញនៅលើឧបទ្វីបនេះ និងការហាម​ឃាត់បណ្តាប្រទេសនៅសហភាពអឺរ៉ុបមិនឱ្យចេញទិដ្ឋាការដល់ប្រជាជននៅគ្រីមៀដែលកាន់លិខិតឆ្លងដែនរុស្ស៊ី។

កញ្ចប់នៃការដាក់ទណ្ឌកម្មនេះត្រូវបានបន្តជារៀងរាល់ឆ្នាំដោយគ្មានការជជែកវែកញែកណាមួយនោះទេ ពីព្រោះសហភាពអ៊ឺរ៉ុបបានបញ្ជាក់​នៅក្នុងឆ្នាំ ២០១៤ ហើយថា ការរឹតបន្តឹងនេះនឹងនៅតែមានប្រសិទ្ធភាពដរាបណាតំបន់គ្រីមៀនៅតែជាផ្នែកមួយនៃប្រទេសរុស្ស៊ី៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង