លោកផ្កាយ២ ហង្ស វណ្ណៈ ឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវបានតុលាការសម្រេចមិនឃុំខ្លួន រួចដោះលែងអោយមានសេរីភាព ឡើងវិញ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ នៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានតុលាការសម្រេចមិនឃុំខ្លួន រួចដោះលែងអោយមានសេរីភាព ឡើងវិញ ។

លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាន និង ជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ TNM  នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ ថា លោក សាន្ត ប៊ុនធឿន ចៅក្រមជំនុំជម្រះ បានសម្រេចបើកសវនាការ មុនអង្គសេចក្តី និង សម្រេចមិនឃុំខ្លួន លោក ហង្ស វណ្ណៈ តាមការស្នើសុំរបស់ខាងអយ្យការ ។

ទន្ទឹមនេះ តាមប្រភពព័ត៌មានដោយឡែកមួយទៀត បានប្រាប់ TNM ថា ​នៅមានជនរងគ្រោះជាបន្តបន្ទាប់ទៀត កំពុងរៀបចំពាក្យបណ្តឹងប្តឹងលោកផ្កាយ២ ហង្ស វណ្ណៈ បន្ថែមទៀត រឿងរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច ដូចគ្នានេះដែរ ។

មជ្ឈដ្ឋានមួយចំនួន សង្ឃឹមថា ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ នឹងពិនិត្យអំពីឥរិយាបថ ក៏ដូចជាសកម្មភាពប្រព្រឹត្តបទល្មើស របស់លោកផ្កាយ២ ហង្ស វណ្ណៈ ផងដែរ ។

គួររំលឹកថា លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកតុលាការ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច ។

លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ បច្ចុប្បន្នរស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោក ហង្ស វណ្ណៈ ជាប់ចោទពីបទ «ឆបោក» ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ បានរងនូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងចោទប្រកាន់ថា បានយក​លុយគេចំនួន ២២,០០០ដុល្លារមេរិក ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេចតាមការសន្យា ពោលគឺស៊ីដាច់ប្រាក់ទាំងនេះ និង ថែមទាំងគេចវេសមិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀត​ផង ទើបគេប្ដឹងមកតុលាការ តែម្តង ៕

     

 

អត្ថបទដែលជាប់ទាក់ទង