សម្តេចតេជោ អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២១ បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធ ដើម្បីបង្ហាញពីការពីការដឹងគុណ និងសុខទុក្ខ របស់អតីតយុទ្ធជនកម្ពុជា ដែលមានគុណ
បំណាច់ដ៏ធំធេង បានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។
សម្តេចតេជោបានបញ្ជាក់ក្នុងសារលិខិតនៅថ្ងៃនេះថា សម្តេចសូមថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរាជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលក្រីក្រលំបាក សំដៅចូលរួមចំណែក លើកកម្ពស់កម្រិតជីវភាពនិងសុខុមាលភាពរបស់បងប្អូន។ ទឹកចិត្តនិងកាយវិការដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីនៃការ ជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោបន្តថា ក្នុងឱកាសខួបលើកទី១៤ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ សម្តេចសូមអំពាវនាវ បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។ គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាព កងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាពយុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌល យោធិនពិការ ដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី៕