រាជរដ្ឋាភិបាល និងបណ្តាទូតនៅកម្ពុជា ចូលរួមប្រារព្ធព្រឹត្តិការណ៍យូហ្កាអន្តរជាតិលើកទី៧ អន្តរជាតិ ចេញផ្សាយ ថ្ងៃទី 21 ខែ មិថុនា ឆ្នាំ 2021 162 រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាទូតនានានៅកម្ពុជា បានរួមគ្នាប្រារព្ធព្រឹត្តិការណ៍យូហ្កាអន្តរជាតិ បន្ទាប់ពីលំហាត់ប្រាណ ផ្នែករាងកាយ និងការអប់រំផ្លូវចិត្តមួយនេះ ត្រូវបានប្រកាសទទួលស្គាល់ជាលក្ខណៈសកលចាប់តាំងពីឆ្នាំ២០១៤មក។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចូលរួមអបអរសាទរ និងធ្វើលំហាត់ប្រាណក្នុងព្រឹត្តិការណ៍យោគៈ ឬយូហ្កាអន្តរជាតិ លើកទី៧ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សម្រាប់ការប្រារព្ធពិធីយោគៈនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមានចំនួនអ្នកចូលរួមតិចតួច ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវឱ្យគោរពតាមវិធានគម្លាតសង្គម និងអនាម័យ ។ ជាមួយគ្នានេះ ការចូលរួមរបស់អ្នកចូលចិត្តយោគៈ និងសាធារណជន អាចចូលរួមពីគេហដ្ឋានរៀងៗខ្លួន តាមរយៈសកម្មភាពដែលមាន គ្រូបង្រៀនអនឡាញដូចជា៖ វគ្គបង្រៀនយោគៈអនឡាញ សំណួរចម្លើយស្តីពីយោគៈ សិក្ខាសាលាយោគៈ ជាដើម។ ឯកឧត្តម មានប្រសាសន៍ថា លំហាត់យូហ្កានេះ មិនត្រឹមតែជួយព្យាបាលសុខភាពផ្លូវកាយនោះទេ គឺថែមជួយដល់ការព្យាបាលផ្នែកអារម្មណ៍ និងផ្លូវចិត្តផងដែរ ខណៈប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនលើពិភពលោកតានតឹងផ្នែកផ្លូវចិត្ត ក្នុងបរិបទកូវីដ១៩ ដោយការបិទខ្ទប់។ លោកជំទាវ ទេវ្យានី ខូប្រាហ្កាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ដែលជាអ្នកហាត់ យោគៈដោយផ្ទាល់ បានជំរុញ និងលើកទឹកចិត្តដល់អ្នកចូលរួមធ្វើលំហាត់ប្រាណរូបយោគៈ តាមរូបភាពវីដេអូ ដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គមនានា ខណៈការជួបជុំប្រារព្ធទិវាយោគៈអន្តរជាតិឆ្នាំ២០២១ ត្រូវបានកំណត់ការជួបជុំមនុស្សមិនឱ្យលើសពី១៥នាក់ និងធ្វើឡើងនៅតែក្នុងរាជធានីភ្នំពេញ មិនដូចពីបណ្តាឆ្នាំកន្លងទៅ។ សូមបញ្ជាក់ថា នេះជាឆ្នាំទី៧ហើយ ដែលស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិ នេះឡើង ក្នុងគោលបំណងលើកកម្ពស់សុខភាពនិងទាក់ទាញទេសចរ ដោយក្នុងនោះ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ បានរៀបចំនៅតាម គោលដៅទេសចរណ៍សំខាន់ៗដូចជា៖ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តបាត់ដំបង៕ 162 ចែករំលែក