ឯកឧត្តម អ៊ីឈាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 21 ខែ មិថុនា ឆ្នាំ 2021 100 ប៉ៃលិន៖ នៅមន្ទីរគណបក្សខេត្តប៉ៃលិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជា ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការគណបក្សខេត្ត ឯកឧត្តមអ្នកតំណាងរាស្រ្ត ឯកឧត្តម លោកជំទាវគណ:អចិន្ត្រៃយ៍ និងសមាជិក សមាជិកាថ្នាក់ដឹកនាំចុះពង្រឹងមូលដ្ឋានទាំង៨ឃុំ/សង្កាត់។ បន្ទាប់ពីលោកកើត សុធា ទីប្រឹក្សាគណបក្សខេត្ត បានអានសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ផែនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណបក្សខេត្ត បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំបក្សនៅតាមមូលដ្ឋាន និងក្រុមការងារចុះជួយតាមឃុំ/សង្កាត់នីមួយៗ ត្រូវមានឆន្ទៈ ក្នុងការបំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយត្រូវប្រកាន់ខ្ជាប់នូវការងារជាសមូហភាព សាមគ្គីភាព និងការលះបង់។ លោកជំទាវបណ្ឌិតប្រធានគណ បក្សខេត្ត ក៏បានមានប្រសាសន៍កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងខេត្តប៉ៃលិន ដែលនេះ ជាយន្តការនយោបាយទទួលការគាំទ្រសំឡេងឆ្នោតពីប្រជាពលរដ្ឋមិនអាចខ្វះបាន ក្រោមម្លប់សុខសន្តិភាព ដែលកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងគិតគូរ និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ មូលដ្ឋានខេត្តប៉ៃលិន ក៍បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះក្រុមការងារចុះជួយតាមមូលដ្ឋានក្នុងខេត្តទាំងអស់ ចំពោះការលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្រ្តីរាជការបានបម្រើរាស្រ្ត ដោយសហការ និងដោះស្រាយនូវរាល់បញ្ហានៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសការចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងវិបត្តិជម្ងឺកូវីដ-១៩នេះ។ ឯកឧត្តមប្រធាន ក៏បាន ជំរុញដល់ក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិទាំងអស់ ត្រូវបន្តរក្សាភាពឈ្នះរបស់យើង ឲ្យបានគង់វង្ស តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើការងារដែលខ្លួនទទួលខុសត្រូវ ជាពិសេសត្រូវអនុវត្តសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការ បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ប្រកបដោយភាពជោគជ័យ ហើយជាមួយគ្នានេះដែរ ត្រូវសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន ក៏បានប្រគល់នូវសេចក្តីសម្រេច ស្តីពីការកែសម្រួល និងប្រគល់ភារកិច្ចក្រុមការងារយុវជនគណបក្សខេត្ត ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារផងដែរ៕ 100 ចែករំលែក