សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជា ចេញពី របបប្រល័យពូសាសន៍ ប៉ុល ពត កាលពី៤៤ ឆ្នាំមុន(២០ មិថុនា ១៩៧៧-២០ មិថុនា២០២១)
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ រម្លឹកពីព្រឹត្តិការណ៍កាលពី៤៤ឆ្នាំមុន (២០ មិថុនា ១៩៧៧-២០ មិថុនា២០២១) នៃដំណើរឆ្ពោះទៅរករំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរបស់ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។
នៅលើផេកផ្លូវការ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចតេជោបន្តថា «ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាន នូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាក ចេញចោលភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ»។ សម្ដេចតេជោថ្លែងថា ខ្ញុំអត់មានជម្រើសឱ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំណួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា ដោយវិធីណា។ សំណួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ និងចុងក្រោយតើមាននយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ។ សម្ដេចតេជោបានបញ្ជាក់បន្តថា សំណួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំណួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ៕ ដោយ ជឹម ណារី