ផ្តើមយុទ្ធនាការថ្មី អ្នកខេត្តកោះកុងជាង៩ពាន់នាក់បានទទួលថ្នាំវ៉ាក់សាំងកូវីដ-១៩
កោះកុង ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិលប្រមាណ៩.៦៥៨នាក់ បានផ្តើមទទួលចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ក្រោយការផ្ទុះអត្រាឆ្លងថ្មីកូវីឌ និងខកខានជាង២ខែមកនេះ។
យ៉ាងហោចណាស់ មានពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅចំនួន៩.៦៥៨នាក់ បានទទួលថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ក្នុងថ្ងៃទី២០ មិថុនា ដោយផ្តើមជាយុទ្ធនាការថ្មី តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជអាណាចក្រកម្ពុជា។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង កត់សម្គាល់ត្រឹមល្ងាចថ្ងៃទី២០ មិថុនា ឆ្នាំ២០២១ថា ចំនួនចំនួនពលរដ្ឋហួសពីការស្មានដែលសម្រុកនាំគ្នាមកចាក់វ៉ាក់សាំង ក្រោមការអនុវត្តវិធានការសុខាភិបាលពាក់ម៉ាស់ ព្រមទាំងរក្សាគម្លាតសង្គមជាដើម។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្ត បន្ថែមដែរថា គោលបំណងយុទ្ធនាការនេះដែរ គឺសំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដគ្រប់ៗគ្នា ដោយគ្មាននរណាថាមិនទទួលបានឡើយ។ ក្រុមពលរដ្ឋចាក់វ៉ាក់សាំងនៅថ្ងៃទី២០ មិថុនា នឹងត្រូវចាក់លើកទី២ ១៤ថ្ងៃទៅ២៨ថ្ងៃក្រោយចាក់រួច សម្រាប់ពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល។
គួរជម្រាបថា យុទ្ធនាការផ្តល់ថ្នាំវ៉ាក់សាំងនេះ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ក្នុងក្របខណ្ឌក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិលប៉ុណ្ណោះ។ ចំណែកឯស្រុកមណ្ឌលសីមា ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកថ្មបាំង ស្ថិតនៅក្នុងក្របខណ្ឌក្រុមការងារក្រសួងការពារជាតិដែលអ្នកទទួលបន្ទុកចាក់ជូនប្រជាពលរដ្ឋ ទៅពេលវេលា និងទីតាំងដែលបានកំនត់កន្លងទៅ។
ចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងខែមីនារហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខេត្តកោះកុងមានមន្រ្តីរាជការ កម្លាំងនគរបាល អាវុធហត្ថ យោធា និងបុគ្គលិកវិស័យឯកជនសរុបចំនួន១១,៧៩៩ នាក់/ស្រី៤,២៦២នាក់បានចាក់វ៉ាក់សាំងរួចរាល់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកោះកុង សម្រួលផ្សាយដោយ៖ ធូ កុសល