សមត្ថកិច្ច ចុះបង្រ្កាបឃ្លាំងស្តុក និង នាំចូលទំនិញ មានសារធាតុគីមីពីប្រទេសចិន ដោយខុសច្បាប់
ភ្នំពេញ៖កម្លាំងសមត្ថកិច្ចនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ និង មន្ត្រីពាក់ព័ន្ធជាច្រើននាក់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ថ្មីៗនេះ បានចុះបង្ក្រាបឃ្លាំងស្តុក និង នាំចូលទំនិញ មានសារធាតុគីមីពីប្រទេសចិន ដោយខុសច្បាប់ ព្រមទាំងឃាត់ខ្លួនជនជាតិចិន៣នាក់ បញ្ជូនទៅតុលាការ ផងដែរ ។ នេះបើយោងតាមប្រភពព័ត៌មាន ដែល TNM NEWS ទើបទទួលបាន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ។
ទីតាំងមួយនេះស្ថិតនៅឃ្លាំងគ្មានលេខ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន និង ជាប្រធានប្រតិបត្តិការក្រុមទី១៤ ថ្លែងថា ជនជាតិចិនទាំង៣នាក់ មានឈ្មោះ Yang Bo ជាទទួលការខុសត្រូវឃ្លាំងស្តុក និង ចែកចាយផលិតផលនាំចូលរបស់ក្រុមហ៊ុន ញូសែល (ខេមបូឌា) , ឈ្មោះ Mao Zuxiong ជាបុគ្គលផ្នែករកសេវាដឹកជញ្ជូនដែលអតិថិជនតម្រូវការ និង ឈ្មោះ Yang Yanli ជាបុគ្គលផ្នែករកសេវាដឹកជញ្ជូនដែលអតិថិជនតម្រូវការ ។
លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា បន្តថា ឃ្លាំងស្តុកនិងចែកចាយទំនិញនាំចូលពីចិន នេះ គឺ ពុំមានច្បាប់អាជីវកម្ម មិនបានចុះបញ្ជីត្រួតពិនិត្យគុណភាព និង មិនបានចុះបញ្ជិការនៅក្រសួងសុខភិបាល ទេ ព្រមទាំងនាំចូលសារធាតុគីមីគ្មានប្រភពច្បាស់លាស់ក្លែងក្លាយ ដែលករណីនេះ មានថៅកែឈ្មោះ Yang Duan ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន សញ្ជាតិចិន បច្ចុប្បន្នស្នាក់នៅប្រទេសចិន ។
ការបង្ក្រាបនេះ ធ្វើឡើងដោយទី១ ខុសទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងសម្អាង តាមមាត្រា៣ និង មាត្រា១០ក្នុងច្បាប់គ្រប់គ្រងឱសថ , ទី២ ខុសទៅនឹងច្បាប់ស្តង់ដារកម្ពុជា រាល់ផលិតផលនាំចូល និង ចែកចាយ ឬ ផ្សព្វផ្សាយ តាមមាត្រា១៦ និង មាត្រា៥៩ និង ទី៣ ការនាំចូលសារធាតុគីមីសម្រាប់ផលិតជាគ្រឿងសម្អាង និង ទឹកជែលជ័របិទក្រចក គ្មានប្រភពច្បាស់លាស់ក្លែងក្លាយ ៕