ព្រឹកនេះ…វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន១លានដូសទៀត នឹងដឹកមកដល់កម្ពុជា
យោងតាមប្រសាសន៍របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចមកហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ៖ ១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (ស៊ីណូហ្វាម) ចំនួន ២,២០០,០០០ ដូស, ២. ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស និង៣. ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន ស៊ីណូវ៉ាក់ ចំនួន ៤,៥០០,០០០ ដូស និង ស៊ីណូហ្វាម ចំនួន ១,០០០,០០០ ដូស។ ហើយវ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស៕
ប្រភព៖ TVK, សម្រួលផ្សាយ៖ កន ចំណាន