កិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដើម្បីព្យាយាមបញ្ចប់ជម្លោះពាណិជ្ជកម្ម

​សហភាព​អឺរ៉ុប (EU) និង​សហរដ្ឋអាមេរិក បាន​បើក​កិច្ចប្រជុំ​កំពូល​មួយ​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល ៧​ឆ្នាំ​កន្លងមកនេះ​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​ជា​លើកដំបូង​ចាប់តាំងពី​ចូលកាន់​តំណែង​មក ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ទំនាក់ទំនង​អា​ត្ល​ង់​ទិ​ក​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​នោះ លោក បៃ​ដិ​ន បាន​ជួប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen និង​បណ្តា​មេដឹកនាំ​ដទៃទៀត​ដែល​បាន​ឯកភាពគ្នា​សម្រាប់​កិច្ចសហការ​បន្ថែមទៀត​ទៅលើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការរៀបចំ​សម្រាប់​បញ្ហា​ប្រឈម​នានា​ផ្នែក​សុខភាព​ពិភពលោក​នាពេល​អនាគត​។​

​លោកស្រី Von der Leyen បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នោះ​ថា ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​រវាង​ភាគី​ទាំងពីរ​មិនមាន​ការប្រកួតប្រជែង​គ្នា​នោះទេ ហើយ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​មានតម្លៃ​ប្រមាណ​ជិត​មួយ​ទ្រី​លាន​អឺរ៉ូ​កាលពី​ក្នុង​ឆ្នាំ ២០២០ បើទោះបី​ជាមាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក៏ដោយ​។​

​សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀងគ្នា​ផ្អាក​សង្គ្រាម​នៅក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ​ជុំវិញ​ការឧបត្ថម្ភ​ធន​យន្តហោះ​។ ជម្លោះ​ស្តីពី​ការឧបត្ថម្ភ​ធន​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប៊ូ​អ៊ីង​របស់​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​គូប្រជែង Airbus របស់​អ៊ឺរ៉ុប បាន​បណ្តាលឱ្យមាន​ករ​ណី​ស្របគ្នា​ដែល​បានដាក់​នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ចាប់តាំងពី​ឆ្នាំ ២០០៤ មក​។​

​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​កាលពី​ខែមីនា​សម្រាប់​ការព្យួរ​ពន្ធ​រយៈពេល​បួន​ខែ​ដែលមាន​តម្លៃ ១១,៥​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ទៅលើ​ទំនិញ​ស្រា​មកពី​អឺរ៉ុប​ទៅ​ថ្នាំជក់​សហរដ្ឋអាមេរិក​ដែល​ពួកគេ​បាន​ដាក់ចេញ​ក្នុងពេល​មាន​ជម្លោះ​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​នោះ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ដក​ពន្ធគយរ​យៈ​ពេល ៥​ឆ្នាំ រហូតដល់​ពួកគេ​បន្ត​កិច្ចពិភាក្សា​ទៅលើ​កិច្ចព្រមព្រៀង​ស្តីពី​ប្រាក់ឧបត្ថម្ភ​ធន​។​

​ពួកគេ​ក៏បាន​ព្រមព្រៀងគ្នា​ផងដែរ​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​រវាង​សហភាព​អឺរ៉ុប – សហរដ្ឋអាមេរិក ដែលមាន​គោលបំណង​ពង្រីក​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី និង​ពិភាក្សា​អំពី​វិធី​ដើម្បី​ជៀសវាង​របាំង​បច្ចេកទេស​មិន​សម​ហេតុផល​ថ្មីៗ និង​វិធី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ដែលមាន​សក្តានុពល​ខ្ពស់​ពី​ភាគី​សេដ្ឋកិច្ច​ទាំងពីរ​៕ (​ប្រភព People’s Daily បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង