ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងការងារបានឱ្យដឹងថា ការអប់រំបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយសារតែវិស័យនេះ បានបណ្តុះគំនិតច្នៃប្រឌិតថ្មីៗ ដែលឆ្លើយតបទៅ នឹងការរីកចំរើននៃប្រព័ន្ធបច្ចេកវិទ្យា ហើយជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឧស្សហកម្មរីកចម្រើននាពេលខាងមុខ។
ថ្លែងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ហៅកាត់ថា ធីវេទ ត្រូវបានរាជរដ្ឋា ភិបាលកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីលើក កម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយដល់សិស្សនិងនិស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជន ឱ្យបានយល់ដឹងពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស ។
ឯកឧត្តម អ៊ិត សំហេង បានឱ្យដឹងថា ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់ លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ បាននិងកំពុងអនុវត្តន៍គោលនយោ បាយ និងផែនការអភិវឌ្ឍសំខាន់ៗជាច្រើន ជាពិសេសការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ឆ្នាំ២០១៥- ២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥ -២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០១៧- ២០២៥ ជាដើម ។
ឯកឧត្តមបន្តថា ក្រសួងកំពុងខិតខំសម្រេចនូវសមិទ្ធ ផលជាច្រើនតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩- ២០២៣ បើទោះជាកំពុងប្រឈមវិបត្តិកូវីដ១៩ ក៏ដោយ ក្រសួងនៅតែបន្តជំរុញការធ្វើទំនើបកម្ម ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជាបន្តបន្ទាប់ ខណៈដែលការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈអាចឱ្យកម្ពុជាទៅជាប្រទេសជឿន លឿនបាន នាពេលអនាគត។
« ការអប់រំបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ ជីវភាពកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន ក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិត ទៅជាការពិត រាជរដ្ឋាភិបាលបាននិងកំពុងកែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេក ទេសវិជ្ជាជីវៈ ដើម្បីឱ្យមានប្រព័ន្ធឯកភាពអាចឆ្លងទៅឆ្លងមកដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្ត សិក្សានៅពេលណា ទីកន្លែងណានិងវិធីណាក៏បាន ស្របទៅតាមស្ថាន ភាពជាក់ស្តែងរបស់ប្រជាពល រដ្ឋម្នាក់ៗ » ។
គួរជម្រាបថា រាជរដ្ឋាភិបាល មានគោលនយោបាយ ស្តីពីការសិក្សាពេញមួយជីវិតមានចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជា គ្រប់រូបឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួម ចំណែកបង្កើនសេដ្ឋកិច្ចនិងលើកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារនិងសង្គម តាមរយៈការផ្តល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែងនិងគ្រប់មធ្យោយបាយ ៕