សត្វផ្សោតមួយក្បាលស្លាប់អណ្តែតក្នុងទន្លេមេគង្គស្ថិតនៅព្រះរំកិលមានទម្ងន់ជិត២០០គីឡូក្រាម

ខេត្តស្ទឹងត្រែង​ ៖ សត្វផ្សោតមួយក្បាលត្រូវគេប្រទះឃើញស្លាប់អន្ដែតទឹកក្នុងទន្លេមេគង្គស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្រះរំកិល ដែលមានទម្ងន់រហូតដល់ទៅជិត២០០ គីឡូក្រាម នៅត្រង់ចំណុចកោះកកភូមិសាស្រ្តឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងនៅកាលពីវេលាទៀបភ្លឺ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១។
បន្ទាប់មកត្រូវបានប្រជាពលរដ្ឋផ្តល់ព័ត៌មាននេះប្រាប់ទៅ លោកមេឃុំព្រះរំកិល ក្រោយមកលោកមេឃុំក៏បានរាយការណ៍ព័ត៌មានទៅដល់ឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍អន្លង់ឈើទាល ហើយក៏បញ្ជាក់ថា មានប្រជាពលរដ្ឋបានជិះទូកតាមដងទន្លេបានប្រទះឃើញសាកសពសត្វផ្សោតស្លាប់អណ្តែតទឹកនៅចំណុចកោះកក រួចក៏បានចាប់ចងទុកនៅទីនោះតែម្តង ។

កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍អន្លង់ឈើទាល បានផ្ដល់ព័ត៌មានប្រាប់ទៅខណ្ឌរដ្ឋបាលជលផលខេត្ត ដើម្បីធ្វើការទាក់ទងជាមួយដៃគូអង្គការ WWF ចុះមកពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ។ក្រោយពីបានពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ មន្ត្រីជំនាញបានសន្និថានថា សត្វផ្សោតនេះគឺជាផ្សោតចាស់ ព្រោះមើលទៅអត់មានឃើញធ្មេញទាំងអស់ សត្វផ្សោតដែលបានស្លាប់មួយក្បាលនេះជាប្រភេទសត្វផ្សោតញី ហើយមានទម្ងន់១៨០គីឡូក្រាម ប្រវែង២៣០សម។ ចំណែកមូលហេតុនៃកាងរស្លាប់សត្វផ្សោតមួយក្បាលនេះគឺក្រុមការងារជំនាញបញ្ជាក់ថា នៅមិនទាន់ច្បាស់លាស់នោះទេ ៕

(សហការី TNM)

អត្ថបទដែលជាប់ទាក់ទង