ប្រជាសហគមន៍នេសាទខេត្តកោះកុង ផុលផុសនាំគ្នាចិញ្ចឹមខ្យងចំពុះទា ព្រោះមានតម្រូវការទីផ្សារ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2021 129 កោះកុង ៖ ប្រជាសហគមន៍នៅខេត្តកោះកុងផុលផុសនាំគ្នាចិញ្ចឹមខ្យងចំពុះទា ដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលប្រជាពលរដ្ឋ កំពុងពេញនិយមបរិភោគ ធ្វើឲ្យប្រជានេសាទ អាចរកចំណូលបានច្រើន ពីមុខរបរមួយនេះទៀតផង។ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ន សហគមន៍នេសាទតំបន់ឆ្នេរឃុំពាមក្រសោប មានប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមខ្យងចំពុះទា ចំនួន២៧០គ្រួសារ ។ លោកបានបន្តថា ប្រជាកសិករបានបុកបង្គោលក្នុងផ្ទៃទឹកសមុទ្រដើម្បីចិញ្ចឹមខ្យងចំពុះទា ដោយក្នុង១គ្រួសារបានបោះចាប់ ពី១០០០បង្គោលឡើងទៅ ហើយក្នុង១រដូវ ១បង្គោលអាចប្រមូលផលបានចំនួនពី៣០គីឡូក្រាម។ លោកបន្តថា ខ្យងចំពុះទា អាចលក់បានក្នុងមួយគីឡូក្រាមតម្លៃ ១២០០រៀល ដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយនាំចេញទៅប្រទេសថៃ និងប្រទេសវៀតណាម។ លោកបន្តថា ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្ត ក្នុងតំបន់ការពារធម្មជាតិ។ បច្ចុប្បន្នហ្នឹងចង់និយាយថា មានការផុលផុស ទៅលើការចិញ្ចឹមខ្យងចំពុះទានេះ ឬគ្រំចំពុះទាហ្នឹង ព្រោះគ្រំចំពុះទាហ្នឹង គេយកមកកែច្នៃធ្វើជាម្ហូប ហើយការដែលប្រជាពលរដ្ឋចូលចិត្តទទួលទាន ព្រោះវាឆ្ងាញ់ អ៊ីចឹងគាត់មានទីផ្សារល្អ គឺគាត់នាំគ្នាចិញ្ចឹម ដើម្បីបង្កើនជីវភាពគ្រួសាររបស់គាត់នៅក្នុងមូលដ្ឋានបើធៀបនឹងឆ្នាំមុនៗគឺឆ្នាំនេះ គឺមានការផុលផុសច្រើនជាង ។ លោក ម៉ី ថន ជាប្រធានសហគមន៍នេសាទតំបន់ឆ្នេរ ឃុំពាមក្រសោប បានឲ្យដឹងដែរថា ការចិញ្ចឹមខ្យងចំពុះទានេះ ភាគច្រើនធ្វើជា លក្ខណគ្រួសារ។ ហើយការចិញ្ចឹមមានភាពងាយស្រួលដោយគ្រាន់តែបោះបង្គោលក្នុងផ្ទៃទឹកសមុទ្រ មិនចាំបាច់ថែទាំ ឬពិបាកដាក់ ចំណីនោះទេ ហើយខ្យងចំពុះទានោះ វាមកតោងដោយឯងៗ ឲ្យតែយើងដាំបង្គោលត្រូវនឹងរដូវមានខ្យង។ ចាប់ផ្ដើមខែ ១០ ហ្នឹង គឺប្រជាកសិករចាប់ផ្ដើមបុកបង្គោល គឺទិញបង្គោលមកបោះ នៅក្នុងផ្ទៃទឹកសមុទ្រ ហើយដល់ពេល ប្រមូលផលនៅខែ១០ ខែ១១ ឆ្នាំក្រោយ គឺយើងបានប្រមូលផល មានប្រជាពលរដ្ឋយើងធ្វើច្រើន មួយឆ្នាំក្នុងមួយគ្រួសារទទួលបានផល ១០តោន ចំណេញបានច្រើន ឧទាហណ៍យើងបុកបង្គោលអស់ ១០ម៉ឺនរៀល គឺចំណេញបានមកវិញ ពី២០ទៅ ៣០ ម៉ឺនរៀលអីដែរ។ សូមបញ្ចាក់ថា ចំពោះអត្ថប្រយោជន៍របស់ខ្យងចំពុះទានេះ អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដូចជាដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទ អាហារលោកខាងលិច តែចំពោះប្រជាជនកម្ពុជាចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅ ឬញាំ សម្លខ្ទិះដូង ឆាគ្រឿង កែង ហើយគេ ក៏អាចផលិតជាប្រេងខ្យងបានដែរ ចំណែកកាកសំណល់និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វនិងធ្វើកំបោរ៕ 129 ចែករំលែក