ជំរឿនលើកទី១ បង្ហាញថា សត្វត្មាតនៅកម្ពុជាមានប្រមាណ ៨២ក្បាល សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2021 118 ទិន្នន័យទីតាំងជំរឿនសត្វត្មាតទាំង៤កន្លែង ស្ថិតក្នុងតំបន់ការពារធម្មជាតិនៃភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានបង្ហាញថា វត្តមានសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណ៨២ក្បាល។ ជំរឿនលើកទី១នេះ មានការធ្លាក់ចុះ ខណៈតួលេខនៃការជំរឿនឆ្នាំ២០២០ មានចំនួន១២៩ក្បាល។ ទោះជាយ៉ាងនេះក្តី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួង បរិស្ថាន បានបញ្ជាក់ថា ការជំរឿនមានចំនួន៥ដងទៀត ដើម្បីសន្មតិថា របាយប្រជាសាស្ត្រនៃសត្វត្មាតឆ្នាំ២០២១នេះ មានការធ្លាក់ចុះ ឬកើនឡើង។ ថ្លែងប្រាប់អ្នកសារព័តមាន ក្រោយការធ្វើបច្ចុប្បន្នភាពនៃចំនួនសត្វត្មាតទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១នេះ ឯកឧត្តម បានឱ្យដឹងថា ជំរឿនលើកទី១ កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមអ្នកជំនាញបានកត់ត្រាវត្តមានសត្វត្មាតចំនួន៨២ក្បាល ក្នុងនោះមានត្មាតភ្លើង១៣ក្បាល ត្មាតផេះ៤២ក្បាល និងត្មាតត្នោត២៧ក្បាល។ តាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា វត្តមានសត្វត្មាតទាំងនោះ គឺមាននៅអាហារដ្ឋានត្មាតខេត្តព្រះវិហារចំនួន២៣ក្បាល, នៅអាហារដ្ឋានត្មាតខេត្តស្ទឹងត្រែងចំនួន៥២ក្បាល, នៅ អាហារដ្ឋានត្មាតខេត្តក្រចេះចំនួន៧ក្បាល ខណៈនៅអាហារដ្ឋានខេត្តមណ្ឌលគិរីមិនមានវត្តមានសត្វត្មាតទាំងនេះទេ។ សត្វត្មាត ជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ។ មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល ខណៈសត្វប្រភេទនេះ ជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថាន ដោយស៊ីគំរង់សាកសព សត្វផ្សេងទៀតជាអាហារ និងអាចទាក់ទាញភ្ញៀវទេសចរ ដែលបង្កើតមុខរបរ និងផ្តល់ចំណូលជូនប្រជាពលរដ្ឋ។ លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់សកម្មភាព បរបាញ់ ការដាក់ថ្នាំបំពុល ឬប្រើប្រាស់សារធាតុគីមីលើដីស្រែចម្ការ ឬការជួញដូរសត្វព្រៃ៕ 118 ចែករំលែក