សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០ គ្រួសារ ដែលរងផលប៉ះពាល់ពីជំងឺកូវិដ-១៩
សៀមរាប៖ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយដល់ពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០គ្រួសារ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ពីជំងឺកូវិដ-១៩ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការចុះចែកអំណោយនេះ គឺធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។
លោក នួន ពុទ្ធារ៉ា អភិបាល នៃគណ:អភិបាលក្រុងសៀមរាប មានប្រសាសន៍សំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព និងសូមមេត្តាចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ និង៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសឲ្យផុតពីជំងឺដ៏កាចសាហាវនេះ ។ លោក បានបន្តថា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងការចូលរួមសហការដោយបងប្អូនប្រជាពលរដ្ឋជាដើម ក្នុងការចូលរួមទប់ស្កាត់នៅជំងឺឆ្លងកូវីដ-១៩ សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ២០២១ គឺសំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការ នៃយុទ្ធសាស្ត្រ កែប្រែវិបត្តិកូវីដឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ក្នុងសង្គមជាតិ។
លោក សឹង្ហ សំរិទ្ធ អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប បានលើកឡើងផងដែរថា នៅក្នុងបរិបទកូវីដ-១៩នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត នូវការធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ។ អំណោយទាំងនេះ សមាគមទទួលបានពីសប្បុសជននានាក្នុងការជួយឧបត្ថម្ភដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត សម្រាប់ចែកជូនដល់បងប្អូនពលរដ្ឋខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ថ្ងៃនេះអំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ២០គ្រួសារនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២០kg, ទឹកសុទ្ធ ១កេស, មីម៉ាម៉ា ១កេស, ត្រីខ ១យួរ, ទឹកស៊ីអុីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា១ដប, ស្ករស ១គីឡូ, ប៊ីចេង ១កញ្ចប់, អំបិល ១គីឡូ និងថវិការចំនួន២០,០០០រៀល ។ ដោយឡែក ចំពោះប្រជាការពារមានចំនួន ២០នាក់
ក្នុងម្នាក់ៗ ទទួលបាន៖ ទឹកសុទ្ធ ១កេស, ម៉ាស ១ប្រអប់, ទឹកអាកុល១ដប និងថវិការចំនួន២០,០០០រៀល ។ ជាមួយគ្នានោះ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ក៏បានជូននៅម៉ាសចំនួន ២០ប្រអប់, ទឹកអាកុល ២០ដប, ទឹកសុទ្ធ ៥កេស, ដល់សាលាបឋមសិក្សាស្ទឹងថ្មីផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល