ប្រទេសឥណ្ឌូណេស៊ីត្រូវការថវិកាចំនួន ២៤៧ប៊ីលានដុល្លារអាម៉េរិក ដើម្បីសម្រេចគោលដៅនៃបញ្ហាបម្រែបម្រួលអាកាសធាតុ

​យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំឆមាស​ទី ២ ឆ្នាំ ២០១៨ របស់​ប្រទេស​ឥណ្ឌូណេស៊ី​បានឱ្យដឹងថា ប្រទេស​នេះ​ត្រូវការ​ថវិកា​ចំនួន ២៤៧​ប៊ី​លាន​ដុល្លារ​អាម៉េរិក ឬ​ប្រមាណ ៣ ៤៦១​ទ្រី​លាន​រូពី ដើម្បី​សម្រេចបាន​នូវ​ការប្តេជ្ញា​សម្រាប់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​របស់ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សម្រាប់​រយៈ​ពេល​ឆ្នាំ ២០១៨ – ២០៣០ ។​

​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១១ ខែមិថុនា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បាន​និយាយថា ប្រទេស​នេះ​នឹងត្រូវ​ការ​ថវិកា​យ៉ាងហោចណាស់​ចំនួន ២៦៦,២​ទ្រី​លាន​រូពៀ​ក្នុង​មួយឆ្នាំ​។​

​យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​នោះបាន​ឱ្យដឹងថា ចំនួន​ថវិកា​សរុប​ដែល​បាន​បម្រុង​ទុក​សម្រាប់​កម្មវិធី​បម្រែបម្រួល​អាកាសធាតុ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ចំនួន ៤,១​ភាគរយ​នៃ​ថវិកា​ប្រចាំឆ្នាំ​របស់​រដ្ឋ ដែល​ស្មើនឹង​ប្រមាណ ៨៦,៧​ទ្រី​លាន​រូពី​។ ដូច្នេះ រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​គៀរគ​គ្រប់ផ្នែក​នៃ​វិស័យ​សាធារណៈ និង​ឯកជន ឱ្យចូល​រួម​ក្នុងការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ​តាមរយៈ​ការគ្រប់គ្រង​សម្រាម និង​ការលើកកម្ពស់​ទម្លាប់​ស​ន្សំ​សំចៃ​ថាមពល​។​

​លោកស្រី Indrawati បាន​សង្កត់ធ្ងន់​ទៅលើ​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​រដ្ឋាភិបាល​ក្នុងការ​បន្ថយល្បឿន​នៃ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការអនុវត្ត​កម្មវិធី​លើកកម្ពស់​ការយល់ដឹង និង​កម្មវិធី​អប់រំ​សហគមន៍​នៅក្នុង​មូលដ្ឋានចំនួន ១១ នៅ​ទូទាំងប្រទេស​។ នៅក្នុង​ឆ្នាំនេះ រដ្ឋាភិបាល​គ្រោង​នឹង​ពង្រីក​កម្មវិធី​នេះ​ទៅកាន់​មូលដ្ឋានចំនួន ៦ ផ្សេងទៀត​។​

​ប្រទេស​ឥណ្ឌូណេស៊ី​បានដាក់​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​កិច្ចព្រមព្រៀង​នេះ​តាមរយៈ​ការចូលរួមចំណែក​ដែល​បានកំណត់​ដោយ​ជាតិ (NDCs) ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យបាន ២៩​ភាគរយ ដោយ​ការខិតខំ​របស់​ពួកគេ និង​ឈាន​រហូតដល់ ៤១​ភាគរយ​ជាមួយនឹង​ការគាំទ្រ​ពី​អន្តរជាតិ​សម្រាប់​ឆ្នាំ ២០២០ – ២០៣០ ៕

(​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង