អ្នកជំងឺកូវីដ១៩ ចំនួន១៨៧នាក់ក្នុងខេត្តកំពត បានជាសះស្បើយ និងបាន ត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

កំពត​៖ រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែមិថុនា ឆ្នាំ​២០២១ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច ខេត្តកំពត អមដំណើរ​ដោយ​លោក​អភិបាលរង​ស្រុក កងកម្លាំង​ទាំងបី រួម​នឹង​ក្រុមគ្រូពេទ្យ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​និង​ផ្តាំផ្ញើ​ដល់​បងប្អូន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​ព្យាបាល​សាលា​វិទ្យាល័យ​ព្រះបិតា​ជាតិ ដោយបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ចំនួន​១៨៧​នាក់ ក្នុងស្រុក​កំពង់ត្រាច និង​អ្នក​មកពី​ក្រៅ​ស្រុក​ផងដែរ​។​

​ក្នុងនោះ​លោក​អភិបាលស្រុក​បាន​ពាំ​នាំនូវ​ប្រសាសន៍​ថ្នាក់ដឹកនាំ និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន តែងតែមាន​ការព្រួយបារម្ភ​យកចិត្តទុកដាក់ និង​ណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​គិតគូរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ជាប្រចាំ​គ្រប់ពេលវេលា ក្នុងស្ថានភាព​ពិភពលោក​ក៏ដូចជា​កម្ពុជា​យើង​កំពុង​រង​ការយាយី​ដោយ​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ​។

​លោក​អភិបាលស្រុក​បាន​ថ្លែងអំណរគុណ​ដល់ ក្រុមគ្រូពេទ្យ​បង្អែក​កំពង់ត្រាច និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​មើលថែទាំ និង​ព្យាបាល​អ្នកជំងឺ​បានល្អ និង​សូម​ស្នើ​ឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ស្រុក ក្នុង​វិធាន​ការបង្ការ ទប់​ស្តាប់​ជំងឺ​កូ​វីដ​១៩​នេះ​។​

​ក្នុងនោះ​លោក​អភិបាល បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​អ្នក​ដែល​បានជា​សះស្បើយ​ទាំងអស់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ និង​ត្រូវ​តាមដាន​សុខភាព​របស់ខ្លួន ដោយ​អនុវត្ត​អោយបាន​ល្អ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ក៏ដូចជា​វិធានការ​របស់​ក្រសួងសុខាភិបាល ហើយ​បើ​មាន​អាកា​រៈ​ប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុមគ្រូពេទ្យ​ដើម្បី​ជួយ​ដល់​បងប្អូន​ជាបន្ទាន់ និង​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​សុខាភិបាល ៣​ការពារ និង​៣​កុំ ដោយ​ត្រូវ​ថែរក្សា​សុខភាព លាងដៃ​ជាមួយ​សាប៊ូ អាកុល ពាក់​ម៉ាស និង​រក្សា​គម្លាត​បុគ្គល ដើម្បី​យើង​រួមគ្នា​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​បន្ត​ឆ្លង​ចូលក្នុង​ក្រុមគ្រួសារ ក្នុង​សហគមន៍ និង​ក្នុងប្រទេស​យើង​បន្តទៀត​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង