អាជ្ញាធរជាតិអប្សរាចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធន: Total Energies លើគម្រោងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ !

សៀមរាប​៖ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន Total Energies ដែល​ពិធី​នេះ​ធ្វើឡើង​រវាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Asif IQBAL នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Total Energies ប្រចាំ​ប្រទេស​កម្ពុជា ស្តីពី​ការដាំ​ដើមឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ពិធី​នេះ ក៏មាន​ការចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​អគ្គនាយក ឯកឧត្តម​អគ្គនាយករង និង​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន​ទាំង​២ ផងដែរ​។

​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​ក៏បាន​សម្តែង​អំណរគុណ និង​កោតសរសើរ​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន Total Energies ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ទៅលើ​សកម្មភាព​ជាច្រើន ក្នុងប្រទេស​កម្ពុជា​នាពេល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​។ ជាក់ស្តែង ការចុះ​កិច្ចព្រមព្រៀង​ក្នុង​ការដាំ​ដើមឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ការទទួលខុសត្រូវ និង​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​សោ​ភណ្ឌ​ភាព បរិស្ថាន ធម្មជាតិ និង​អភិរក្ស​ប្រាសាទ ក៏ដូចជា​កាត់បន្ថយ​ឧស្ម័ន​ពុល​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដែលជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​។​

​សូម​ជម្រាបជូន​ថា រយ​:​ពេលកន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា បានផ្ដល់​កូនឈើ និង​សហការ​ជាមួយ កងកម្លាំង​យុទ្ធភូមិ​ភាគ​ទី​៤, មន្ទីរ អង្គភាព​ក្នុង​ខេត្ត​, ព្រះសង្ឃ​, សិស្ស​និស្សិត និង​លោកគ្រូ អ្នកគ្រូ​, វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ ដាំ​ដើមឈើ បានជា​ច្រើន​មុ​ឺ​ន​ដើម​ផង​ដែង​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង