មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់លោកយាយ ឃិន ឌី ភេទអាយុ ៧០ឆ្នាំ ចាស់ជរាគ្មានទីពឹងនៅ ក្រុងស្ទឹងសែន

(​ខេត្តកំពង់ធំ​) ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ​២០២១ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ទៅ​ចែកជូន​ដល់​លោកយាយ ឃិន ឌី អាយុ ៧០​ឆ្នាំ ចាស់ជរា​គ្មាន​ទីពឹង រស់នៅ​ភូមិ​រកា សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

មានប្រសាសន៍​ក្នុងឱកាស​នោះ មន្ត្រី​ប្រតិបត្តិ​សាខា​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​ពី​ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​ដោយ​ក្តី​នឹករលឹក ជាមួយ​ការគិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ស្របតាម​ពាក្យស្លោក “​ទីណា​មានទុក្ខ លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​។​

ក្នុងពេល​ជាមួយគ្នា​នោះ​មន្ត្រី​ប្រតិបត្តិ​សាខា អំពាវនាវ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថែរ​រក្សា​សុខភាព​ត្រូវមាន​អនាម័យ​និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ជាប់​ជាប្រចាំ​ចូលរួម​ការពារ ទប់ស្កាត់​មេរោគ កូ​វីដ​-១៩ ។

អំណោយ​ដែល​ផ្តល់ជូន​រួមមាន ៖ អង្ករ ៥០​គីឡូក្រាម មី​១​កេស ត្រីខ​២០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​ចំនួន​២ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ តង់​១ ទឹក​សុទ្ធ​១​កេស​និង​ថវិកា​មួយចំនួន ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​

អត្ថបទដែលជាប់ទាក់ទង