ព្រះសង្ឃ និងអាជ្ញាធរ ចុះចែកអំណោយដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន ២៨គ្រួសារ ស្រុកកំពង់ត្រឡាច
ព្រះគ្រូរតនានុល័ក្ខ អ៊ី កុសល ព្រះ រាជាគណៈ ថ្នាក់កិតិ្តយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរស្រុកកំពង់ត្រឡាច និងជាព្រះគ្រូចៅអធិការវត្តពានី និងមានការនិមន្តចូលរួមពីព្រះអង្គ នួន នី ព្រះគ្រូចៅអធិការវត្តវត្តកំពង់ត្រឡាចក្រោម និងព្រះភិក្ខុ ហ៊ុយ មាស ព្រមទាំងក្រុមប្រឹក្សាឃុំ ជនបង្គោលឃុំ ប៉ូលីសប៉ុស្តិ៍ មេភូមិ អនុភូមិ ប្រជាការពារភូមិ អាជីវកលក់ដូ និងកូនសិស្សគុណ ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅផ្ទះ និងអ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ ដែលត្រូវបិទខ្ទប់ចំនួន ១៤ថ្ងៃ មកពីរោងចក្រតឹកហ្វុក និងរោងចក្រខេនស្ពត ចំនួន ២៨គ្រួសារ។
ក្នុងឱកាសនៃការចុះចែកអំណោយនោះដែរក្រុមការងារបានធ្វើការណែនាំដល់កម្មករ កម្មការិនីដែលត្រូវធ្វើចត្តាឡីស័ក និងអ្នកកើតវិជ្ជមានកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។
សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករចំនួន ១០គីឡូក្រាម, ទឹកដោះគោ ១កំប៉ុង, ស្ករស ១កញ្ចប់, ប៊ីចេង ១កញ្ចប់, ទឹកផ្លែឈើ ២កំប៉ុង, ត្រីខ ២កំប៉ុង, ទឹកត្រី ១ដប, ទឹកស៊ីអ៊ីវ ១ដប, មី ១០កញ្ចប់ សរុបថវិកា ១,៥២៧,៥០០រៀល ៕
ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង, សម្រួលផ្សយ៖ កន ចំណាន