ត្រីមេពូជក្នុងតំបន់អភិរក្សបឹងពារាំង កំពុងត្រូវបានជួយសង្គ្រោះបឋម បន្ទាប់ពីត្រីមេពូជទាំងនោះ គេសង្កេតឃើញថាបើមានចំនួនច្រើន កាលពីថ្ងៃទី០៣- ទី០៤ ខែឧសភា មូលហេតុទឹករីងរាក់!
សៀមរាប៖ ថ្វីត្បិតតែត្រីមេពូជចម្រុះ នៃតំបន់អភិរក្សបឹងពារាំង កំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ចេញពីគ្រោះធម្មជាតិ ក៏ប៉ុន្តែការសង្ក្រោះនេះវាអាចធានាបានក្នុងរយ:ពេលដ៏ខ្លីប៉ុណ្ណោះ បើលើសពី១៥ថ្ងៃ គ្មានភ្លៀងធ្លាក់ទេនោះ វាជាគ្រោះអាសន្នដ៏ធំហើយ ដែលពិបាកនឹងជួយសង្គ្រោះបន្ត ហើយនឹងធ្វើបាត់បង់ធម្មជាតិយ៉ាងក្រាស់ក្រែល !
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមការផ្តល់កិច្ចសហការអន្តរាគមន៍ដោយគ្រឿងចក្រមួយគ្រឿងរបស់ក្រសួងកសិកម្ម ដែលមានមន្ត្រីរដ្ឋបាលជលផលចុះផ្ទាល់ផងនោះ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប និងអ្នកគ្រប់គ្រងសហគមន៍បឹងពារាំង បានដំណើរការជីកប្រឡាយនាំទឹកចេញពីស្រះមួយចំនួន ទៅជួយសង្គ្រោះបន្ទាន់ជីវិតត្រីមេពូជចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែកត្តាធម្មជាតិ គឺផ្ទៃបឹងរីងរាក់ និងអាកាសធាតុហួតហែង។ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានប្រាប់ឱ្យអ្នកសារព័ត៌មានតាមទូរស័ព្ទដឹងថា នេះគឺជាការជួយសង្គ្រោះបន្ទាន់ និងជាលទ្ធភាពចុងក្រោយផងដែរ ក្នុងក្តីសង្ឃឹមដ៏តិចតួច ដែលអាចបន្តឲ្យត្រីមេពូជទាំងនេះ មានដង្ហើមរស់ក្នុងរយ:ពេលប្រហែលជា១៥ថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើគ្មានភ្លៀងធ្លាក់ទេនោះ វាជាគ្រោះអាសន្នយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មាន សម្រាប់ជីវិតត្រីមេពូជក្នុងតំបន់អភិរក្សបឹងពារាំង។ លោកបន្តថា កាលពីយប់មិញនេះ មានភ្លៀងធ្លាក់មួយមេធំដែរ ប៉ុន្តែដោយសារដីបាតបឹងស្ងួតហួតហែងនោះ វាមិនបានធ្វើឲ្យកម្ពស់ទឹកកើននោះទេ។ លោកថា ជាមួយគ្នានេះ ខាងជំនាញជលផល ក៏ដូចជាខាងសហគមន៍ ក៏ត្រៀមការសុំជួយអន្តរាគមន៍ពីអាជ្ញាធរក្រុង និងអាជ្ញាធរខេត្តសៀមរាប ក្នុងការបញ្ជូនរថយន្តដឹកទឹកមកបញ្ចូលទៅក្នុងពោះបឹង ដែលនេះសុទ្ធតែជាវិធានការសង្គ្រោះបន្ទាន់។
តំបន់អភិរក្សបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ បឹងនេះជាជម្រកត្រីមេពូជដ៏សម្បូរបែប ដែលអមទៅដោយព្រៃលិចទឹកដ៏ស្រស់បំព្រង។
គួររំលឹកឲ្យដឹងដែរថា រយ:ពេល៣យប់កន្លងមកចាប់ពីថ្ងៃទី០៣ដល់០៥ ខែឧសភានេះ ត្រីមេពូជក្នុងបឹងពារាំងចាប់ផ្តើមងាប់ជាបណ្តើរៗ ដោយក្នុងមួយយប់ៗអាចក្នុងចំនួនប្រមាណជា៥០ក្បាលឡើងទៅ ស្មើនឹងប្រហែលជិត១០០គីឡូក្រាម។ ជាមួយគ្នានេះដែរ កាលណាទឹកបឹងរីងរាក់បែបនេះ ត្រីមេពូជដែលងាប់ មិនត្រឹមតែជាលទ្ធផលប្រឈមនឹងអាកាសធាតុប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ត្រូវប្រឈមនឹងការយាយីដោយសត្វភេរផងដែរ ដែលសត្វភេរទាំងនោះ មានប្រមាណជា១០០ក្បាលនៅក្នុងតំបន់នេះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល