មេធាវី ៖ សវនាការជំនុំជម្រះក្តីរបស់លោកស្រី អោងសាន ស៊ូជី នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ
TNM(ណៃពិដោ) ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា សវនាការជំនុំជម្រះក្តីរបស់លោកស្រី នឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដោយមានការចូលផ្តល់សក្ខីកម្មពីដើមបណ្តឹង និងសាក្សី។
លោក Min Min Soe មេធាវីរបស់មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវយោធាទម្លាក់ពីអំណាចរូបនេះបានឲ្យដឹងថា ចាប់តាំងពីត្រូវយោធាទម្លាក់ពីអំណាច និងចាប់ខ្លួន កាលពីដើមខែកុម្ភៈកន្លងទៅ លោកស្រី ស៊ូ ជី បានរងការចោទប្រកាន់ជាច្រើនករណី រួមមានការល្មើសវិធានការការពារជំងឺ COVID-19, ការកាន់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត, អំពើពុករលួយ និងការបំពានច្បាប់ការពារកិច្ចសម្ងាត់ជាតិជាដើម។
ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាក៏បានគំរាមរំលាយ គណបក្សនយោបាយរបស់លោកស្រី ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ ផងដែរ ក្រោមការចោទប្រកាន់រឿងបន្លំសន្លឹកឆ្នោត៕