វ៉ាក់សាំងការពារកូវីដ១៩ពីចិន ចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានាព្រឹកនេះ
TNM(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ៥០ម៉ឺនដូសទៀតហើយ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា។ ចំនួនវ៉ាក់សាំងចំនួន ៥០ម៉ឺនដូសបន្ថែមទៀតនេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។
គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
សូមបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាទទួលបាននាពេលកន្លងមករួមមាន ៖ សាំងស៊ីណូហ្វាមជំនួយរបស់ចិន ១.៧លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ៤លានដូស។
សូមជម្រាបថា ជាងមួយឆ្នាំនេះ កម្ពុជាបានរកឃើញមនុស្ស ៣៤,៨៣៣នាក់ កើតជំងឺកូវីដ១៩ ហើយ ២៦៦នាក់ បានស្លាប់បាត់បង់ជីវិត។ មកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩៕